ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបានឡើងគម្រោងជម្លៀសមន្ត្រីស្ថានទូតចេញពីប្រទេសអ៊ុយក្រែន

ចែករំលែក៖

.   ក្រសួងការបរទេសអាមេរិក កន្លងមកបានស្នើដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែនក្នុងរយៈពេល២៤ម៉ោង ខណៈការប្រឈមមុខតានតឹងកាន់តែខ្លាំងរវាង ទីក្រុងមូស្គូ នឹងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។
សារព័ត៌មាន AP នៅថ្ងៃទី១២ខែកុម្ភៈ បានដកស្រង់ប្រភពព័ត៌មានដែលបានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានឡើងគម្រោង ជម្លៀសមន្ត្រីទូតទាំងអស់ចេញពីប្រទេសអ៊ុយក្រែន ដោយខ្លាចរុស្ស៊ីវាយប្រហារគ្រប់ពេលវេលា។
ប្រភពព័ត៌មានពីក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា មន្ត្រីទូតនឹងត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពស្ថិតនៅតំបន់ភាគខាងលិចប្រទេសអ៊ុយក្រែនជាប់ព្រំដែនប្រទេសប៉ូឡូញ និងដើម្បីរក្សាទំនាក់ទំនងការទូតជាមួយអ៊ុយក្រែន។
កាលពីខែមករា ឆ្នាំ២០២២ ក្រសួងការបរទេសអាមេរិកបានឱ្យជម្លៀសក្រុមគ្រួសារមន្ត្រីការទូតទាំងអស់ចេញពីប្រទេសអ៊ុយក្រែន ជាការត្រៀមលក្ខណៈខ្លាចសង្គ្រាមកើតឡើងជម្លៀសមិនទាន់ពេលវេលា។
សារព័ត៌មាន Politico បានដកស្រង់ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា រុស្ស៊ីនឹងបើកការវាយប្រហារអ៊ុយក្រែន នៅថ្ងៃទី១៦ ខែកុម្ភៈ។ ចំណែកបណ្តាប្រទេសអ៊ឺរ៉ុបមិនជឿទៅលើ ព័ត៌មានស្តីពីគម្រោងវាយប្រហាពរនោះឡើយ។
កាលពីថ្ងៃទី១០ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានស្នើដល់បុគ្គលិកការទូតធ្វើការនៅទីក្រុង Kiev វិលត្រឡប់មកប្រទេសវិញ ក្រោយទីក្រុងមូស្គូបារម្ភបន្ទាប់ពីអាមេរិក អង់គ្លេសជម្លៀសមន្ត្រីទូតរបស់ខ្លួនខុសប្រក្រតី។
ក្រៅពីនេះប្រទេសជាច្រើនក៏បានដកមន្ត្រីការទូតរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែនផងដែរ ក្នុងនោះមានកូរ៉េខាងត្បូង កាណាដា ឡាតវៀ ជាដើម៕ ដោយ៖ សាធី

រូបថត៖Sputnik

រូបថត៖TTXVN


ចែករំលែក៖