ភ្នំពេញ៖ ក្រោមការដឹកនាំសម្របសម្រួលដោយលោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះអង្កេតតាមដាន និងរកឃើញនូវមុខសញ្ញាផលិតផលសាច់បង្កកជាប្រភេទជើងមាន់ ជើងទា ប្រហិតសាច់ និង គ្រឿងសមុទ្រ ។ល។ ដែលពុំមានបញ្ជាក់ពីកាលបរិច្ឆេទផលិត សុពុលភាព បិទស្ទីកឃ័រក្រដាសបន្លំលើបាកូដ មិនមានឯកសារ និងប្រភពច្បាស់លាស់ប្រមាណ៣.៦តោន។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងនៅថ្ងៃសៅរ៍ទី១២ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រភពដដែលបន្តថា ទំនិញទាំងនេះត្រូវបានមន្ត្រីសាខា ក.ប.ប.រាជធានីភ្នំពេញ ធ្វើការឃាត់ទុកបណ្តោះអាសន្ននៅទីតាំងស្តុកចែកចាយនោះ និងបញ្ជូនគំរូមួយចំនួនមកនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើតេស្តវិភាគស្វែងរកសារធាតុគីមីហាមឃាត់នានា។
ក្នុងប្រតិបត្តិការនេះដែរ មន្ត្រីជំនាញបានរកឃើញ និងដកហូតបង្គាមានចាក់សារធាតុចាហ៊ួយ (CMC) នៅលើក្បាលបង្គាចំនួន៤៧.៥គីឡូក្រាម នៅទីតាំងដដែល ចំណែកឯម្ចាស់ទីតាំងត្រូវបានអញ្ជើញមកបំភ្លឺនៅសាខា ក.ប.ប. រាជធានីភ្នំពេញ។
ជាមួយគ្នានេះ ដើម្បីបន្តនិរន្តរភាពនៃការគាំពារសុខុមាលភាពដល់ប្រជាពលរដ្ឋ នៅថ្ងៃទី១១ ខែកុម្ភៈនោះដែរ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញហូបចុក ក្នុងផ្សារសិរីសោភ័ណ ក្នុងក្រុងសិរីសោភ័ណ សំដៅការពារប្រជាពលរដ្ឋក្រែងទិញប៉ះចំផលិតផលមានសារធាតុគីមីយកទៅបរិភោគ។ ក្នុងប្រតិបត្តិការនេះមន្ត្រីជំនាញបានធ្វើការវិភាគលើគំរូទំនិញ ពពុះសណ្តែក យីហ៊ឺ ត្រីងៀត ទំពាំងត្រាំ និងបន្លែស្រស់ សរុបចំនួន១១គំរូ ជាលទ្ធផល បានរកឃើញទំនិញពពុះសណ្តែកទម្ងន់ ១.៥គីឡូក្រាម មានផ្ទុកសារធាតុបូរ៉ាក់ (Borax) ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាព។
ដោយឡែក ស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ មន្ត្រីស៊ើបអង្កេត ក.ប.ប. បានរកឃើញ និងដកហូតនូវភេសជ្ជ:ចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២០កំប៉ុង ស្មើនឹង១០ គីឡូក្រាម ក្រោយធ្វើការត្រួតពិនិត្យតាមបណ្តាផ្ទះលក់ទំនិញ និងម៉ាតនានា។ គួរបញ្ជាក់ផងដែរថា ក្រោយរកឃើញនូវកំហុសឆ្គង មន្ត្រីយើងបានណែនាំដល់បងប្អូនអាជីវករឱ្យបានយល់ដឹងអំពីច្បាប់ និងបញ្ឈប់ការដាក់តាំងលក់ទំនិញដែលមិនមានអនុលោមភាពតទៅទៀត៕
ដោយ៖សហការី