ព័ត៌មានទាន់ហេតុការណ៍៖

២នាក់ប្តីប្រពន្ធបានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តរតនគិរី ៖ ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង ក្នុងទិសដៅពីលិចទៅកើតស្របគ្នា បណ្តាលឲ្យមនុស្ស ២នាក់បានរងរបួសធ្ងន់ ខណៈម៉ូតូ១គ្រឿងទៀត បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែវត្ថុតាងនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០និង ៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចផ្លូវកោង ចំងាយពីសាលារៀនបុរីកម្មករ១ ប្រមាណ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង។

លោក សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលកាចាញបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រីម ប៊ុនសេន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការរងរបួសធ្ងន់(ត្រូវជាប្តី)និងអ្នករួមដំណើរឈ្មោះ យ៉ុន ប៉ាក់ អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់(ប្រពន្ធ)អ្នកទាំង២មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ2020 ពណ៌ខ្មៅពាក់ស្លាកលេខ រតនគិរី1E-4461។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបងប្អូនដឹកតាមរថយន្តផ្ទាល់ខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកវត្ថុតាងម៉ូតូត្រូវបានប្រគល់ទៅឲ្យកូនជនរងគ្រោះយកទៅប្រើប្រាស់វិញ៕

ដោយ៖ សូរិយា


ចែករំលែក៖