ព័ត៌មានទាន់ហេតុការណ៍៖

លោក សរ សុដានី អំពាវនាវដល់យុវជនជំនាន់ក្រោយសូមពិនិត្យពិចារណាឱ្យបានច្បាស់លាស់រាល់ព័ត៌មានបំភ្លៃរបស់ជនអគតិមួយចំនួនដែលមានចេតនាចង់បំផ្លិចបំផ្លាញគោលនយោបាយគណបក្សប្រជាជន ពិសេសសមិទ្ធផលស្នាដៃរបស់គណបក្សប្រជាជន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក សរ សុដានី ប្រធានក្រុមការងារថ្នាក់ក្រុងស្វាយរៀងចុះជួយ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងបានអំពាវនាវដល់យុវជនជំនាន់ក្រោយសូមពិនិត្យពិចារណាឱ្យបានច្បាស់លាស់រាល់ព័ត៌មាន បំភ្លៃរបស់ជនអគតិមួយចំនួនដែលមានចេតនាចង់បំផ្លិចបំផ្លាញគោលនយោបាយគណបក្សប្រជាជន  ពិសេសសមិទ្ធផលស្នាដៃរបស់គណបក្សប្រជាជន។

   ការអំពាវនាវបែបនេះរបស់លោកសរ សុដានី និងលោក ហុង ឡុង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានសង្កាត់ស្វាយតឿ គឺធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីក្នុងសង្កាត់ស្វាយតឿ នាព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២២ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្វាយតឿដោយមានការចូលរួមពីលោកប្រធានគណបក្សសង្កាត់ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាសាខាបក្សភូមិ-សង្កាត់ជាច្រើនរូបផងដែរ។

   លោកសរ សុដានី ប្រធានក្រុមការងារថ្នាក់ក្រុងស្វាយរៀងចុះជួយសង្កាត់ស្វាយតឿ បានបន្តថា យុវជនដែលជាទំពាំងស្នងឫស្សីជំនាន់ក្រោយ និងជាធនធានដ៏រឹងមាំ ជាអ្នកបន្តវេនគាំទ្រចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលនៃយើង ពិសេសយុវជនជំនាន់ក្រោយចូរចងចាំ និងមើលឃើញឱ្យច្បាស់អំពីស្នាដៃដ៏មហិមារបស់គណបក្សប្រជាជនកម្ពុជាគឺ សន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ។ មិនតែប៉ុណ្ណោះសូមឱ្យយុវជនពិនិត្យមើលនូវសមិទ្ធផលនានាដែលគណបក្សប្រជាជនប្រឹងប្រែងកសាងដើម្បីជំរុញខឿន សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសនៅក្រុងស្វាយរៀងក្នុងសង្កាត់ស្វាយតឿនេះដោយមានសមិទ្ធផលជាច្រើនដូចជា តំបន់សេដ្ឋកិច្ចពិសេសដែលបម្រើនិងផ្ដល់ទីផ្សារការងារធំទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋដោយមិនចាំបាច់ធ្វើចំណាកស្រុកនោះទេ។

   ជាចុងបញ្ចប់ លោក សរ សុដានី ប្រធានក្រុមការងារថ្នាក់ក្រុងស្វាយរៀងចុះជួយសង្កាត់ស្វាយតឿ ក្រុងស្វាយរៀងបានសំណូមពរឱ្យយុវជនដែលជាឈាមថ្មីរបស់គណបក្សប្រជាជនសង្កាត់ស្វាយតឿ គាំទ្រប្ដូរផ្ដាច់ បន្តជំរុញនិងកៀរគរ សមាជិកសមាជិកាបក្សឱ្យខ្លាំងក្លាបន្ថែមទៀត។មិនតែប៉ុណ្ណោះសូមកុំភ្លេចអនុវត្តវិធានការ ៣កុំ  ៣ការពារ របស់រាជរដ្ឋាភិបាលឱ្យបានជាប់ជានិច្ច៕

ដោយ៖ យឹម សុថាន


ចែករំលែក៖