ខេត្តកណ្ដាល ៖ ម៉ូតូមួយគ្រឿងបើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន បណ្ដាលឲ្យម៉ូតូមួយគ្រឿងទៀតបុកពេញមួយទំហឹង បណ្ដាលឲ្យមនុស្ស៣នាក់ជាអ្នកបើកបរម៉ូតូទាំងសងខាងរបួសយ៉ាងដំណំ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១៦និង៥០នាទី នៅលើផ្លូវជាតិលេខ១ក្នុងចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ស្ថិតក្នុងភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្រ្តីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ម៉ូតូបង្កម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1AN -2622 បើកបរដោយឈ្មោះ ហម សុខលី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាក HONDA DREM 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IX-8997 បើកបរឈ្មោះ អ៊ុត គា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិព្រះស្តេច ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង (របួសស្រាល) មានអ្នករួមដំណើរម្នាក់ឈ្មោះ ឆូយ ហឿន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ។
ប្រភពដែលបានបន្តថា មុនពេលកើតហេតុគេឃើញមានម៉ូតូ១គ្រឿងម៉ាកHONDA DREM ពាក់ស្លាកលេខ កណ្តាល 1AN -2622 បើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្វេងឆ្លងផ្លូវ ខណៈក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកHONDA DREAM ពាក់ស្លាកលេខភ្នំពេញ 1IX-8997 ដែលធ្វើដំណើរស្របទិសគ្នាបើកមកពីក្រោយ ក៏ឈប់មិនទាន់ ជាន់ហ្វ្រាំងមិនជាប់ បានបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យមនុស្ស៣នាក់ជាអ្នកបើកម៉ូតូទាំងសងខាង រងរបួសយ៉ាងដំណំ។
ក្រោយមានហេតុការណ៍កើតឡើងជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពឃុំសំរោងធំ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការពិនិត្យវាស់វែង កសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាង ជ័យ