ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពន្លឿនការផ្តល់សេវានៅអង្គភាពច្រកចេញ-ចូលតែមួយ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពន្លឿនការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលពីលោក នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។ 

លោកអភិបាលខេត្ត មានប្រសាសន៍បើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា យើងបានដោះស្រាយ ការផ្តល់សេវាសាធារណៈបានជាបណ្តើរៗ ប៉ុន្តែនៅមានកិច្ចការជាច្រើនទៀតដែលត្រូវដោះស្រាយជូនប្រជា ពលរដ្ឋឱ្យបានទាន់ពេលវេលានៅតាមអង្គភាពច្រកចេញចូលតែមួយ ពិសេសឯកសារចុះបញ្ជីដីធ្លីដាច់ដោយដុំ ដែលត្រូវឆ្លងកាត់មន្ត្រីជាច្រើនសារ ដូច្នេះយើងចង់ធ្វើយ៉ាងណាកាត់បន្ថយឯកសារវិលចុះវិលឡើងបែបនេះ ដោយយើងត្រូវធ្វើការប្រមូលផ្តុំការផ្តល់សេវាជូនប្រជាពលរដ្ឋតាមពេលវេលា។ ដូច្នេះបណ្តាក្រុង ស្រុក ដែលមានការិយាល័យច្រកចេញចូលតែមួយ នៅមានសេវាណាដែលមិនទាន់បានដំណើរការ យើងនឹងចុះចលនាជំរុញប្រជាពលរដ្ឋនៅតាមមូលដ្ឋានមកស្នើសុំសេវា។ ចំពោះប្រជាពលរដ្ឋដែលរកស៊ីទទួលទានត្រូវតែមានច្បាប់អាជីវកម្ម ព្រោះការសុំច្បាប់អាជីវកម្ម គឺដើម្បីយើងអាចគ្រប់គ្រងទិន្នន័យផ្លូវច្បាប់បាន។ 

លោកអភិបាលខេត្ត បានបញ្ជាក់ថាឥរិយាបទរបស់មន្ត្រីយើងជាអ្នកបំរើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ យើងត្រូវពិនិត្យមើលរួមគ្នា ដើម្បីធ្វើការកែលម្អការផ្តល់សេវាសាធារណៈនៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយជូនប្រជាពលរដ្ឋ។ យើងត្រូវជំរុញឯកសារ និងឈានទៅបិទបញ្ចប់សេវានៅក្នុងប្រព័ន្ធចាស់ បន្តខិតខំបំពេញការងារតាមប្រព័ន្ធថ្មីបន្ថែមទៀត។  

លោកអភិបាលខេត្ត សង្ឃឹមថា នៅក្នុងរយៈពេលមួយខែទៀត កុំឱ្យមានជាប់ឯកសារនៅក្នុងប្រព័ន្ធបន្តទៀត។ ជាមួយ គ្នានេះលោកអភិបាលខេត្ត បានថ្លែងការកោតសរសើរអង្គភាពច្រកចេញចូលតែមួយ និងមន្ទីរជំនាញ ដែលបានខិតខំជំរុញធ្វើឱ្យការផ្តល់សេវារបស់យើងកាន់តែមានប្រសិទ្ធិភាព ដោយយើងត្រូវខិតខំប្រឹងប្រែងបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យលំហូរនៃការចុះបញ្ជីនៅតាមអង្គភាពច្រកចេញចូលតែមួយឱ្យកាន់តែលឿន មានតម្លាភាព និងប្រសិទ្ធិភាព។ 

ក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីជួរមុខសហការជាមួយមន្ត្រីជួរក្រោយក្នុងការពិគ្រោះប្រឹក្សាលើឯកសារ បើមានការខ្វះឯកសារណា ត្រូវស្នើសុំឱ្យមានការបំពេញបន្ថែម។ រាល់ឯកសារចូលមកច្រកចេញចូលតែមួយ ត្រូវឱ្យមន្ត្រីរបស់យើងជាអ្នកបញ្ជូនឯកសារទៅកាន់មន្ទីរអង្គភាពជំនាញ និងស្នើឱ្យមន្ទីរជំនាញជួយបណ្តុះបណ្តាលដល់ក្រុង ស្រុក ក្នុងការពិនិត្យតាមដានចរន្តការឯកសារឱ្យបានទាន់ពេលវេលា៕

ដោយ៖ សូរិយា


ចែករំលែក៖