ព័ត៌មានទាន់ហេតុការណ៍៖

សប្បាយក្លាយជាទុក្ខ! រាំលើគម្របអណ្តូងទឹកក្នុងពិធីមង្គលការបាក់ស្រុតស្លាប់១៣នាក់នៅឥណ្ឌា

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស១៣នាក់ដែរបានស្លាប់ ដែលជាស្ត្រីនិងកុមារ ដោយបានបាក់ធ្លាក់ចូលក្នុងអណ្តូងទឹកពេលកំពុងតែរាំនៅក្នុងពិធីមង្គលការមួយនៅក្នុងភូមិស្ថិតនៅភាគខាងជើងឥណ្ឌា ។
សារព័ត៌មាន AP នៅថ្ងៃទី១៧ខែកុម្ភៈ បានផ្សាយថា តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់បានឱ្យដឹងថា មានមនុស្ស១៣នាក់ស្លាប់ដោយសារបាក់គម្របធ្លាក់ចូលអណ្តូងទឹក ក្នុងនោះមានស្ត្រី៧នាក់និងកុមារ៦នាក់។ ហេតុការណ៍បាក់ស្រុតកើតឡើងក្នុងពេលដែលស្ត្រីនិងកុមារកំពុងឈររាំលើគម្របអណ្តូងទើបបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើង។ ក្រៅពីនេះក៏មានមនុស្ស១០នាក់ផ្សេងទៀតធ្លាក់ចូលអណ្តូងនោះដែរ ប៉ុន្តែគ្រាន់តែរងរបួសមិនស្លាប់នោះឡើយ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើ កើតឡើងនៅក្នុងស្រុក Kushinagar រដ្ឋ Uttar Prasesh នាយប់ថ្ងៃទី១៦ខែកុម្ភៈ ។
តាមការលើកឡើងរបស់បុគ្គលិកជួយសង្គ្រោះបានបញ្ជាក់ថា អណ្តូងទឹកមានជម្រៅដល់ទៅ១៥ម៉ែត្រ ។ ក្នុងពេលធ្លាក់ចុះទៅនៅខាងក្រោមមិនមានអុកស៊ីហ្សែនសម្រាប់ដកដង្ហើមនោះឡើយ។ អណ្តូងទឹកខាងលើគឺបានទុកចោលជាយូរមកហើយ ដោយបានគ្របគម្របជិត ខ្លាចមានសត្វឬមនុស្សធ្លាក់ចូល។ ជនរងគ្រោះមានអាយុពី១ឆ្នាំដល់៣៥ឆ្នាំ ភាគច្រើនជាកុមារ ស្រីក្រមុំ និងវ័យជំទង់។
នាយករដ្ឋមន្ត្រីឥណ្ឌា លោកNarendra Modi បានចូលរួមរំលែកទុក្ខនៅលើបណ្តាញសង្គម Twitter ហើយក៏មានជូនពរអ្នករងរបួសឱ្យឆាប់ជាសះស្បើយផងដែរ។ ជាមួយគ្នានេះអភិបាលរដ្ឋ Uttar Pradesh លោក Yogi Adityanath ក៏បានផ្តល់ជំនួយដល់គ្រួសារជនរងគ្រោះផងដែរ ៕ ដោយ៖ សាធី

រូបថត៖ANI


ចែករំលែក៖