ខេត្តក្រចេះ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តធុនធំបុកពីក្រោយគ្នាក្នុងទិសដៅស្របគ្នាបណ្តាលឱ្យម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសស្រាលឯអ្នកបើកបរបង្កហេតុបានចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗបន្ទាប់ពីកើតហេតុ។
ហេតុការណ៍រថយន្តធុនធំបុកគ្នាពីក្រោយនះបានកើតឡើងនៅវេលាម៉ោង២១៖០៥ នាទីលើកំណាត់ផ្លូវជាតិលេខ៧ក្រចេះ-ស្ទឹងត្រែងស្ថិតក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ពីទិសខាងត្បូងទៅទិសខាងជើងស្របទិសគ្នា។
យោងតាមប្រភពបានឱ្យដឹងថាករណីខាងលើនោះបង្កឡើងដោយរថយន្តម៉ាកវ៉េអងពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ3B.6740 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរក្នុងដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុបានបុករថយន្តមួយគ្រឿងទៀតពីក្រោយពេញទំហឹងតែម្តង។
រថយន្តរងគ្រោះម៉ាកហីយ៉ានដាយពណ៌សពាក់ស្លាកលេខ ក្រចេះ3A.0602 បើកបរដោយឈ្មោះ ស្រុីន វ៉ាន់ដា ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅភូមិដូង ឃុំកញ្ចុំ ស្រុកពារាំងខេត្តព្រៃវែងបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ឯអ្នករួមដំណើរចំនួន៣នាក់ទៀតក្នុងនោះមាន ៖
ទី១-ឈ្មោះ វ៉ា ទ្រ ភេទប្រុសអ្នករួមដំណើររងរបួសស្រាល។
ទី២-ឈ្មោះរឿង រុំ ភេទប្រុសអ្នករួមដំណើររងរបួសស្រាល។
ទី៣-ឈ្មោះសី សុខលាង ភេទប្រុស អ្នករួមដំណើររងរបួសស្រាល។
ក្រោយកើតហេតុអ្នករងរបួសទាំង៣នាក់ខាងលើត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
វត្ថុតាង រថយន្តចំនួន២គ្រឿងរងការខូចខាតធ្ងន់ធ្ងរត្រូវកម្លាំងនគរបាលចរាចរណ៍បានធ្វើការស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំក្បាលដំរីជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី៕
ដោយ ៖ ជីវន្ត