ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមចំនួន០៤គ្រាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសេសសល់ពីសម័យសង្គ្រាមចំនួន០៤គ្រាប់ ត្រូវប្រជាពលរដ្ឋបានប្រទះឃើញ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងដីស្រែស្ថិតក្នុងភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក ។

នគរបាលឃុំតាផូ បានឲ្យដឹងថា៖ប្រជាពលរដ្ឋ ដែលបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឈ្មោះ ផន ​ហៀវ ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ បាន​ជីកប្រឡាយក្បែរស្រះក្នុងស្រែ ប្រទះឃើញគ្រាប់ចំនួន០៤គ្រាប់ ក្នុងនោះមានគ្រាប់ប្រភេទ ៦០មីលីម៉ែត្រចំនួន២ គ្រាប់,គ្រាប់បែក ១គ្រាប់ ,គ្រាប់មីនប៉មសិបហាយ១គ្រាប់ ហើយបានរាយការណ៍ប្រាប់មកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាផូ ដើម្បីចុះទៅពិនិត្យ ។

នគរបាលប៉ុស្តិ៍បានបញ្ជាក់ថា៖គ្រាប់យុទ្ធភ័ណ្ឌមិនទានផ្ទុះទាំងនេះគឺនៅសេសសល់ពីសម័យសង្គ្រាម មានគុណភាព៧០%  នេះបើតាមការសន្និដ្ឋានរបស់ជំនាញ អង្គការហេឡូត្រាស (Hallo trust)។ គ្រាប់ទាំង០៤គ្រាប់នេះ បានប្រគល់ជូនអង្គការ ហេឡូត្រាស (Hallo trust) បន្ទាប់ក៏សម្រេច ធ្វើការកម្ទេច ចោលនៅខាងជើងភូមិផ្ចឹកប្រហែល ១គីឡូម៉ែត្រពីភូមិ នៅថ្ងៃដដែល ដើម្បីបញ្ចៀសគ្រោះថ្នាក់៕

 សួមរំឮកថា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃមួយចំនួននៅមានសេសសល់គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នបើសិនជាឃើញសូមមេត្តារាយការណ៍ជូនសមត្ថកិច្ចដើម្បីការពារបញ្ជៀសគ្រោះថ្នាក់ដោយសារគ្រាប់នៅសេសសល់ពីសង្គ្រាម ៕

ដោយ ៖ វណ្ណា


ចែករំលែក៖