ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកក្លិប Roma លោក Jose Mourinho ជាប់បម្រាម២ប្រកួតដោយសារប្រកែកជាមួយអាជ្ញាកណ្តាលក្នុងទីលាន

ចែករំលែក៖

គ្រូបង្វឹកក្រុម Roma លោក Jose Mourinho ត្រូវបានគេដាក់បម្រាមចំនួន២ប្រកួតជាប់គ្នា បន្ទាប់ពីគាត់ត្រូវបានបណ្តេញចេញអំឡុងពេលក្រុម Roma ស្មើ ២ទល់២ ជាមួយក្រុម Verona កាលពីថ្ងៃសៅរ៍។ លោក Mourinho បាន​ទៅ​លើ​ទីលាន​ដើម្បី​ប្រកែក​ជាមួយ​អាជ្ញាកណ្តាលលោកLuca Pairetto មុន​នឹង​ទាត់​បាល់​ចូលទី។

សហព័ន្ធបាល់ទាត់អុីតាលីបានប្រកាសថា លោក Mourinho បានធ្វើការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងអាជ្ញាកណ្តាលលោក Pairetto ហើយបានចូលទៅក្នុងទីលានជាមួយនឹងអាកប្បកិរិយាគំរាមកំហែង។អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះក៏ត្រូវបានពិន័យជាប្រាក់ចំនួន២០,០០០អឺរ៉ូផងដែរ។

លោក Mourinho បានធ្វើកាយវិការតាមទូរស័ព្ទទៅកាន់លោក Pairettoដែលប្រព័ន្ធផ្សព្វផ្សាយអុីតាលីបានរាយការណ៍ថា សំដៅលើឪពុករបស់គាត់ Pierluigi ដែលបានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវជួសជុលការប្រកួតនៅអុីតាលីកាលពីឆ្នាំ២០០៦។

អតីតអ្នកចាត់ការ Chelsea, Manchester United និង Tottenham រូបនេះបានចាកចេញពីកីឡដ្ឋាន Stadio Olimpico ដោយមិនផ្តល់បទសម្ភាសន៍ឲ្យប្រព័ន្ធផ្សព្វផ្សាយក្រោយការប្រកួតរបស់គាត់នោះទេ។ ការហាមប្រាមនេះមានន័យថា គាត់នឹងមិនបានបង្ហាញមុខសម្រាប់ថ្ងៃអាទិត្យពេលក្រុម Roma ប៉ះក្រុម Spezia និងការប្រកួតជាមួយក្រុម Atalanta នៅថ្ងៃទី៥ ខែមីនាខាងមុខនេះទេ។

សូមបញ្ជាក់ថា ​ក្រុម Roma ក្រោមការដឹកនាំ​របស់​លោក Mourinho ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ៨​ក្នុង​ក្រប​ខ័ណ្ឌ Serie A ដោយចាញ់៦ពិន្ទុពីក្រុមដែលស្ថិតក្នុងកៅអី Champions League។

បច្ចុប្បន្នក្រុមនេះមាន៤១ពិន្ទុ ពីការប្រកួតចំនួន២៦ ដោយ៥ប្រកួតចុងក្រោយគឺឈ្នះតែ១ប្រកួត ស្មើ៣ប្រកួត និងចាញ់១ប្រកួត ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖