ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តព្រះសីហនុ ស្នើសូមសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដី បង្កើនការយកចិត្តទុកដាក់ និងតាមដានគ្រប់គ្រងស្ថានការណ៍ទាក់ទងជាមួយរលកខ្យល់នៅក្នុងសមុទ្រ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានថ្លែងថា,  “ថ្ងៃនេះដោយពិនិត្យមើលលើអាកាសធាតុ ឃើញថាមានខ្យល់បោកបក់មកខ្លាំង ខ្ញុំស្នើសូមសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដី បង្កើនការយកចិត្តទុកដាក់ និងតាមដានគ្រប់គ្រងស្ថានការណ៍ទាក់ទងជាមួយរលកខ្យល់នៅក្នុងសមុទ្រនេះ។ 

លោកអភិបាលខេត្តលើកឡើងថា, ម៉្យាងទៀត ក៏សូមឲ្យពិនិត្យមើលស្ថានភាពនៃការធ្វើដំណើរជាក់ស្តែងរបស់អ្នកទេសចរណ៍ ត្រូវយកចិត្តទុកដាក់ និងពង្រឹងពីការបំពាក់សម្ភារៈជួយសង្គ្រោះអោយបានគ្រប់គ្រាន់ ទើបអនុញ្ញាតអោយដឹកជញ្ជូនអ្នកទេសចរណ៍ឆ្លងទៅមក និងសូមតាមដានមើលកម្រិតខ្យល់ និងរលកក្នុងកម្រិតខ្ពស់បំផុតដែលមិនអាចធ្វើដំណើរបានទេ។ 

លោកសូមដាក់បម្រាម ឬពន្យាពេលការចេញដំណើរខ្លះ ដើម្បីធានាសុវត្ថិភាពដល់បងប្អូនអ្នកធ្វើដំណើរតាមទូក កាណូតសមុទ្រ។ 

លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក៏សូមអាជ្ញាធរខិតខំជួយផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជានេសាទទាំងអស់តាមរយៈសហគមន៍នេសាទ ក្រុមគ្រួសារនៃប្រជានេសាទរបស់យើង ដើម្បីបានជ្រាបជាដំណឹងដល់អ្នកដែលកំពុងស្ថិតនៅក្នុងលំហរសមុទ្រ ឆ្នេរកោះនានា ដែលកំពុងរងនូវខ្យល់រលកខ្លាំងនៅក្នុងថ្ងៃនេះអោយមានការប្រុងប្រយ័ត្ន ឬក៏រំកិលទៅកាន់កន្លែងដែលមានសុវត្ថិភាព។

ចំណែកបងប្អូនដែលមិនទាន់បានចេញដំណើរសូមផ្អាកមួយរយៈពេលសិនដើម្បីតាមដានស្ថានភាពអាកាសធាតុអោយបានជាក់ច្បាស់ពីសុវត្ថិភាពទើបធ្វើការនេសាទជាបន្តទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖