ព័ត៌មានទាន់ហេតុការណ៍៖

តុលាការផ្ដន្ទាទោសជនត្រូវចោទ សូយ ចាន់សឿនដាក់ពន្ធនាគារ៨ខែនិងបង្គាប់ឱ្យសងជំងឺចិត្ត២០លានរៀល

ចែករំលែក៖

     ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ នៅថ្ងៃទី ២៥កុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសអតីតផ្កាយ២ សូយ ចាន់សឿន ដាក់ពន្ធនាគារកំណត់៨ខែ ក្រោមការចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ ។

   ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ សូ បិនឡា ក៏ត្រូវបានតុលាការផ្ដន្ទាទោសដូចគ្នានេះដែរ និងបង្គាប់ឱ្យរួមគ្នាសងជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន២០លានរៀលផងដែរ។

    បច្ចប្បន្ននេះជនត្រូវចោទឈ្មោះ សូយ ចាន់សឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអតីតយោធាផ្កាយ២ មានទីលំនៅផ្ទះលេខ ៣១០ EO មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ។

ចំណែកម្នាក់ទៀតឈ្មោះ សូ បិនឡា ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

   ជនត្រូវចោទទាំង២នាក់បានរងនូវពាក្យបណ្តឹងរបស់ឈ្មោះ កើត ខេង ភេទប្រុសអាយុ៥០ឆ្នាំ មុខរបរជាអាជីវករនៅ រាជធានីភ្នំពេញ ។

    យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានចោទប្រកាន់ជនត្រូវចោទទាំង២នាក់ពីបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០២០ ដែលបទល្មើសនេះមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រ៣១១ និងមាត្រា៣១២នៃក្រមព្រហ្មទណ្ឌ។

   សូមរំលឹកថា នៅក្នុងអំឡុងឆ្នាំ ២០២០ឈ្មោះ សូយ ចាន់សឿន និង ឈ្មោះ សូ បិនឡាបានប្តឹងលោកកើត ខេង និងឈ្មោះជា ឡង់ឌី ពីបទឆបោកនិងក្លែងលិខិតសាធារណៈ ហើយពាក្យបណ្តឹងនោះត្រូវបានតំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបអង្កេតតាមនីតិវិធីដោយរកឃើញថា មិនមានបទល្មើសដូចតាម ការចោទប្រកាន់នោះទេ ទើបតំណាងអយ្យការសម្រេចតម្កល់ទុកឥតចាត់ការ។

   ផ្អែកទៅលើទង្វើរបស់ឈ្មោះ សូយ ចាន់សឿន និងសូ បិនឡា ដែលបានឃុបឃិតគ្នាប្តឹងលោក កើត ខេង គ្មានមូលដ្ឋានច្បាស់លាស់និងគ្មានឯកសារគ្រប់គ្រាន់នេះហើយ ទើបលោក កើត ខេង បានប្ដឹងបកវិញរហូតតុលាការចាត់ការជាបន្តបន្ទាប់រហូតដល់ដំណាក់កាលកាត់ទោស និងផ្ដន្ទាទោសហើយបង្គាប់ឱ្យសងជំងឺចិត្តជនរងគ្រោះនេះ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖