ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនបំផ្លាញស្ពានទប់ស្កាត់ទាហានរុស្ស៊ីចូលមករដ្ឋធានីកៀវ

ចែករំលែក៖

ក្រសួងការពារជាតិអ៊ុយក្រែនបានប្រកាសថា បានបំផ្លាញស្ពានដ៏សំខាន់មួយកន្លែងដើម្បីទប់ស្កាត់កម្លាំងទាហានរុស្ស៊ីឆ្ពោះទៅមុខកាន់តែខ្លាំងចូលដល់រដ្ឋធានី Kiev។

តាមការប្រកាសរបស់ក្រសួងការពារជាតិអ៊ុយក្រែន ស្ពានដែលត្រូវបំផ្លាញចោលនោះគឺឆ្លងទន្លេ Teteriv ក្នុងតំបន់ Ivankiv មានចម្ងាយពីរដ្ឋធានីកៀវប្រមាណ៥០គីឡូម៉ែត្រនៅភាគខាងជើង ។ មន្ត្រីអាមេរិកបានប្រកាសថា ពេលនេះកម្លាំងទាហានរុស្ស៊ីនៅចម្ងាយពីរដ្ឋធានីអ៊ុយក្រែនតែ៣២គីឡូម៉ែត្រប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បញ្ជាក់ថា ទីក្រុងកៀវពេលនេះត្រូវបានឡោមព័ទ្ធពីកម្លាំងទាហានរុស្ស៊ីហើយ។
ក្នុងពេលនេះនេះប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានផ្សាយថា កម្លាំងទាហានរុស្ស៊ីនិងអ៊ុយក្រែនកំពុងតែប្រឈមមុខដាក់គ្នាដោយផ្ទាល់យ៉ាងតានតឹងនៅជិតរដ្ឋធានី អ៊ុយក្រែន។
ដោយសារកម្លាំងទាហានរុស្ស៊ីកាន់តែខិតមកជិតរដ្ឋធានី ពលរដ្ឋជាច្រើនបាននាំគ្នាចូលទៅក្នុងរូងក្រោមដីដើម្បីលាក់ខ្លួនឱ្យមានសុវត្ថិភាពគេចពីគ្រាប់កាំភ្លើង។ នៅរូងក្រោមដី នៅស្ថានីយរថភ្លើងក្រោមដី គឺជាកន្លែងដែលពលរដ្ឋអ៊ុយក្រែនទៅលាក់ខ្លួននៅទីនោះ ។ សារព័ត៌មាន AP បានផ្សាយថា មកទល់ពេលនេះមានមនុស្សស្លាប់ជាង១០០នាក់ហើយ និងរងរបួសជាច្រើនក្នុងការវាយប្រហារពីរុស្ស៊ី៕ ដោយ៖ ធីរីណា

ប្រភពរូបថត៖m.kienthuc.net.vn


ចែករំលែក៖