ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងឃាតកម្ម និងធ្វើឲ្យខូចខាតដោយចេតនា ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២២នេះកម្លាំងជំនាញនៃមន្ទីរយុត្តិធម៌ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនខ្លួនជនសង្ស័យ២ នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីប៉ុនប៉ងឃាតកម្មនិងធ្វើឱ្យខូចខាតដោយចេតនាទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការទៅតាមនីតិវិធី។

គួររំលឹកថានៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ មានករណី ប៉ុនប៉ងឃាតកម្ម និងធ្វើឲ្យខូចខាតដោយចេតនា កើតឡើងនៅចំណុចផ្លូវចូលវិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ហេង ចំណាន ហៅកូកា ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ តាំង គីមឡេង ភេទប្រុស អាយុ១៦ឆ្នាំ និងបក្សពួកចំនួន៤នាក់ទៀតដែលមានឈ្មោះថា ក្រុមអាការ៉ែមកី ហើយក្រុមនេះតែងតែបង្កអសន្តិសុខយ៉ាងសកម្មក្នុងក្រុងសិរីសោភ័ណ ។ 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា ក្រុមជនសង្ស័យបាននាំគ្នាធ្វើសកម្មភាពជិះម៉ូតូចំនួន២គ្រឿង កាន់កាំបិត១ដើម ដេញកាប់ទៅលើជនរងគ្រោះឈ្មោះ ធៀង ថានុន ភេទប្រុស អាយុ១៨ឆ្នាំ បណ្ដាលឲ្យរងរបួសដៃខាងស្ដាំយ៉ាងធ្ងន់ធ្ងរ និងបក្សពួកម្នាក់ទៀតឈ្មោះ ឌៀប ពៅហេង ភេទប្រុស អាយុ១៧ឆ្នាំផងដែរ ។ 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ខាងលើនៅកន្លែងផ្សេងៗពីគ្នា ព្រមទាំងដកហូតកាំបិត១ដើមនៅវេលាម៉ោង១២និង៥៣នាទី ថ្ងៃទី២៦ ខែកុម្ភ: ឆ្មាំ២០២២ ចំណែកបក្សពួក៤នាក់ទៀតបានរត់គេចខ្លួនអស់ ។  

លោកបានបញ្ជាក់ទៀតថាតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាមានគ្នាចំនួន៦នាក់ ជិះម៉ូតូ២គ្រឿងហើយបានធ្វើកម្មភាពកាប់ទៅលើក្រុមជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ពិតប្រាកដមែន ៕

ដោយ៖ ស សម


ចែករំលែក៖