ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចពិភាក្សាបញ្ចប់ដោយគ្មានលទ្ធផល កាំជ្រួចមីស៊ីលរុស្ស៊ី វាយប្រហារគ្រប់ទីកន្លែងក្នុងប្រទេសអ៊ុយក្រែន

ចែករំលែក៖

កម្លាំងទាហានរុស្ស៊ីបានបង្កើនសកម្មភាពវាយប្រហារទៅលើទីតាំងក្នុងទីក្រុង Kharkiv និងតំបន់ជាច្រើនទៀតរបស់ប្រទេសអ៊ុយក្រែនក្នុងពេលកិច្ចពិភាក្សា ស្វែងរកដំណោះស្រាយបញ្ចប់ការប្រឈមមុខដាក់គ្នាដោយគ្មានលទ្ធផល ហើយភាគីទាំងពីរនឹងបន្តពិភាក្សាជាលើកទីពីរទៀត តែមិនទាន់កំណត់នៅពេលណានោះឡើយ។

ការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនក្នុងពេលដែលប្រទេសជាច្រើននៅជុំវិញពិភពលោក ពិសេសគឺប្រទេសលោកខាងលិច បានសម្រេចដាក់ទណ្ឌកម្មរុស្ស៊ីជាបន្តបន្ទាប់ចាប់តាំងពីរុស្ស៊ីវាយប្រហារអ៊ុយក្រែនកាលពីសប្តាហ៍កន្លងមក ។ ការវាយប្រហារនៅទីក្រុង Kharkiv បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ និងមនុស្ស៣១នាក់ទៀតរងរបួស។
សារព័ត៌មាន CNN បានផ្សាយថា នៅយប់ថ្ងៃទី២៨ខែកុម្ភៈ ក្រោយការបញ្ចប់កិច្ចពិភាក្សាភ្លាម មានសំឡេងផ្ទុះខ្លាំងជាច្រើនកន្លែង ហើយសំឡេងប្រកាសអាសន្ននៅទូទាំងទីក្រុងក៏បន្លឺឡើងដែរ ។ ចំណែកកិច្ចពិភាក្សានៅក្នុងប្រទេសបេឡារូសវិញ ភាគីទាំងពីរមិនបានព្រមព្រៀងទៅលើចំណុចណាមួយនោះឡើយ ក្រៅពីព្រមព្រៀងបន្តពិភាក្សាជាលើកទីពីរទៀត។
មន្ត្រីដែលចូលរួមក្នុងកិច្ចពិភាក្សារបស់ប្រទេសទាំងពីរមិនបានលើកឡើងលម្អិតស្តីពីកិច្ចពិភាក្សានោះឡើយ ដោយគ្រាន់តែនិយាយថា ភាគីទាំងពីរនឹងបន្តវិលត្រឡប់មកពិភាក្សាជាថ្មីម្តងទៀត។
សារព័ត៌មាន CNN បានផ្សាយថា ពលរដ្ឋអ៊ុយក្រែនមិនមានក្តីសង្ឃឹមទៅលើកិច្ចពិភាក្សាសន្តិភាពនោះឡើយ ។ ការណ៍ដែលដាក់លក្ខខណ្ឌឱ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែនទាំងអស់នោះជារឿងមិនអាចទៅរួចនោះឡើយ៕ ដោយ៖ ធីរីណា

រូបថត៖Reuters 


ចែករំលែក៖