ខេត្តបន្ទាយមានជ័យ៖ ស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩នៅឆ្នាំ២០២១កន្លងទៅ តាមការប៉ាន់ប្រមាណមានពលករខ្មែរជាង ៤.០០០នាក់ បានឆ្លង ដែនខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញតាមច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
តាមរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងាឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ ឲ្យដឹងថានៅឆ្នាំ២០២១ សម្រាប់ខេត្តបន្ទាយមានជ័យ មានពលរដ្ឋ ខ្មែរធ្វើចំណាកស្រុកចំនួនជាង ៦៣.០០០នាក់ ក្នុងនោះ មានកុមារចំនួនជាង ៧.០០០នាក់ និងព្រះសង្ឃចំនួន ៩អង្គ ។
របាយការណ៍ បានបន្តថា នៅឆ្នាំដដែលនេះ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ តាមច្រកអន្តរជាតិប៉ោយប៉ែត ចំនួន៣៤១លើក សរុបចំនួន ៤.៦៩២នាក់ ក្នុងនោះស្រ្តីចំនួន ២ .១៩៨នាក់ និងកុមារចំនួន ៤៥៩នាក់ ដោយពិនិត្យឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤៩នាក់ ស្រី១៩នាក់ ។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ ឲ្យដឹងថា នារយៈពេលចុងក្រោយនេះ សកម្មភាពនៃការឆ្លងដែនរបស់ពលករ មកពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបន្ទាយមានជ័យ នៅតែមានចំនួនច្រើន ដោយក្នុង១ថ្ងៃចាប់ពី៣០០ទៅ៥០០នាក់ ។
លោកបញ្ជាក់ថា ទន្ទឹមនឹងការវិលត្រឡប់មកនេះ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ បានពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ រួមទាំងអ្នកមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានបញ្ជូនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា រួមទាំងការឲ្យធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ខណៈអ្នកមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅព្យាបាល ។
គួរបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យនេះ កាលពីឆ្នាំ២០២១កន្លងទៅ តាមច្រកមួយចំនួន ជាប់ខេត្ត ដូចជាច្រកបឹងត្រកួន ច្រកប៉ោយប៉ែត ច្រកអូរបីជាន់ និងច្រកស្រុកម៉ាឡៃជាដើម មានសកម្មភាពពលករឆ្លងដែន មកពីប្រទេសថៃរាល់ថ្ងៃ ធ្វើឲ្យអាជ្ញាធរខេត្ត បានពង្រីកនូវមណ្ឌលចត្តាឡីស័ក ឬមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយអំឡុងនៃការឆ្លងរាលដាលនៃជំងឺនេះ ក៏មានសកម្មភាពលួចឆ្លងដែនខុសច្បាប់ ត្រូវបានអាជ្ញាធរទាំងខ្មែរ និងថៃចាប់បញ្ជូនមកវិញ ខណៈមេខ្យល់ដែលជាអ្នកនាំផ្លូវមួយចំនួន ត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការផងដែរ ៕
ដោយ៖ សូរិយា