ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងប្រសិទ្ធភាព តម្លាភាព និងភាពសន្សំសំចៃ នៃការប្រើប្រាស់បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ (Tax Receipt)

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូនលោក-លោកស្រីប្រធានអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ និង ធនាគារពាណិជ្ជជាដៃគូដែលបានចុះអនុស្សរណៈយោគយល់គ្នា (MOU)ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជ្រាបថា កន្លង មកអគ្គនាយកដ្ឋានពន្ធដារបានពិនិត្យលើការប្រើប្រាស់បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ (Tax Receipt) នៅតាមអង្គភាព ប្រើប្រាស់នីមួយៗ មានបញ្ហាមោឃៈ និងខូច បន្តមានចំនួនច្រើនដែលគួរឱ្យកត់សម្គាល់។ ក្នុងន័យនេះ ដើម្បីពង្រឹងប្រសិទ្ធភាព តម្លាភាព និងភាពសន្សំសំចៃខ្ពស់ អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការណែនាំដូចខាងក្រោម៖

១. ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបញ្ចូលទិន្នន័យការប្រកាសបង់ពន្ធឱ្យបានត្រឹមត្រូវ លើចំណុចសំខាន់ៗមួយចំនួន នៅក្នុងប្រព័ន្ធរួមមាន លេខអត្តសញ្ញាណកម្មសារពើពន្ធរបស់សហគ្រាស, ឈ្មោះសហគ្រាស, ការជ្រើសរើស ប្រភេទពន្ធនិងការិយបរិច្ឆេទបង់ពន្ធការបញ្ចូលទឹកប្រាក់ពន្ធ, ការបញ្ចូលលេខសន្លឹកបង្កាន់ដៃ។ល។

២. ត្រូវពិនិត្យប្រក្រតីភាពនៃដំណើរការឧបករណ៍សម្រាប់បោះពុម្ពបង្កាន់ដៃជាប្រចាំ និងនៅពេលបោះពុម្ពបង្កាន់ដៃជូនអ្នកជាប់ពន្ធ ត្រូវជ្រើសរើសប្រភេទម៉ាស៊ីនបោះពុម្ពនិងរៀបចំទម្រង់ក្រដាសបោះពុម្ព ឱ្យបានរលូន

៣. ត្រូវណែនាំអ្នកជាប់ពន្ធឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធគ្រប់ប្រភេទពន្ធដែលត្រូវបង់ លើសន្លឹកបង្កាន់ដៃតែមួយសម្រាប់ការិយបរិច្ឆេទបង់ពន្ធនីមួយៗ ឱ្យបានត្រឹមត្រូវច្បាស់លាស់

៤. ត្រូវប្រើប្រាស់បង្កាន់ដៃតាមលំដាប់លំដោយលេខរៀង ដែលបានបើកផ្ដល់ជូន (បើកមុន ប្រើមុន) ព្រមទាំងបញ្ជូន បង្កាន់ដៃមោឃៈ និងខូច ដើម្បីទូទាត់ការប្រើប្រាស់មកអគ្គនាយកដ្ឋានពន្ធដារ រៀងរាល់២សប្ដាហ៍ម្តង

៥. ត្រូវយកចិត្តទុកដាក់ថែរក្សាសក្ខីកបង្កាន់ដៃ និងម៉ាស៊ីនបោះពុម្ពបង្កាន់ដៃ ឱ្យបានល្អប្រសើរ ចៀសវាងការខូចខាត ដោយប្រការណាមួយជាយថាហេតុ

៦. ត្រូវពង្រឹងការអនុវត្តសេចក្តីណែនាំលេខ ១០៧៥៨ អពដ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្ដីពីនីតិវិធីនៃការស្នើសុំធ្វើមោឃភាពបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ (Tax Receipt) និងការចេញបង្កាន់ដៃថ្មីជំនួសបង្កាន់ដៃចាស់ដែលត្រូវបានមោឃៈ។

លោក-លោកស្រីប្រធានអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ និងធនាគារពាណិជ្ជជាដៃគូទាំងអស់ ត្រូវយកចិត្ត ទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖