ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ជំងឺកូវីដ-១៩នៅកម្ពុជា មានសភាពធូរស្រាលឡើងវិញមិនមែនជារឿងចៃដន្យនោះទេ

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ដែលបច្ចុប្បន្នមានសភាពធូរស្រាលមកវិញ មិនមែនជារឿងចៃដន្យនោះទេ។ ការលើកឡើងរបស់នាយឧត្តមសេនីយ៍ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតូស្រ៊ី ហ្សាមរ៉ូស ប៊ីន ម៉ូដ ហ្សេន មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នៅក្នុងឱកាសដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៣ មីនា នេះ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងផ្លាស់ប្ដូរយុទ្ធវិធីទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមជួយឧបត្ថម្ភគាំទ្រពីបណ្ដាប្រទេសជាមិត្ត អង្គការសុខភាពពិភពលោក ធ្វើឱ្យកម្ពុជាទប់ស្កាត់បានការរីករាលដាលជំងឺកូវីដ-១៩ ហើយបច្ចុប្បន្ន ស្ថានភាពនៃការឆ្លងរីករាលដាលមានភាពធូរស្រាល អាចគ្រប់គ្រងបាន និងឈានដល់ការបើកប្រទេសពេញលេញឡើងវិញ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកម្ពុជា ក៏បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ក្នុងនោះលើវិស័យកងទ័ព ប្រទេសទាំងពីរនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា រួមមាន ការផ្លាស់ប្ដូរព័ត៌មាន ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ការហ្វឹកហ្វឺន ការធ្វើលំហាត់សមយុទ្ធរួមគ្នា ការផ្លាស់ប្ដូរទស្សនកិច្ច និងបានសំណូមពរដល់កងទ័ពម៉ាឡេស៊ី បន្តចូលរួមជួយក្នុងលទ្ធភាពដល់ការផ្ដល់អាហារូបករណ៍សម្រាប់ការហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទ។ 

នាឱកាសនោះ នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតូស្រ៊ី ហ្សាមរ៉ូស ប៊ីន ម៉ូដ ហ្សេន បានសម្ដែងការអរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងយោពលខេមរភូមិន្ទដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានចូលជួបសំដែងការគួរសម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ ហ្សាមរ៉ូស ប៊ីន បានគួសបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកងទ័ពប្រទេសទាំងពីរបានសហការគ្នាជាធ្លុងមួយ ហើយរហូតមកដល់បច្ចុប្បន្ន បើទោះបីស្ថានភាពពិភពលោកកំពុងប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩ ក៏ដោយ ក៏កងទ័ពប្រទេសទាំងពីរនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងស្អិតរមួត ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានភាពល្អប្រសើរជាលំដាប់។

នាយឧត្តមសេនីយ៍ ហ្សាមរ៉ូស ប៊ីន បញ្ជាក់ថា ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាទ្វេភាគី គឺមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យស្ថានភាពតំបន់មានស្ថិរភាព និងសន្តិភាព៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖