ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង៖ ជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញ ខិតខំចូលរួម ក្នុងការដោះស្រាយជីវភាព របស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើក ទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថៃ្ងព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២ ដោយ មានការចូលរួមពីសំណាក់លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ផងនោះ បានបញ្ជាក់ថា៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមាន សមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាល ត្រូវបន្ដចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៃរាជធានី ត្រូវបន្ដ ខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោល នយោ បាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ ការបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការខិតខំចូលរួម ក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ការដោះ ស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានា. នៅមូលដ្ឋានបានជាបន្ត បន្ទាប់ ជាពិសេសការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាលក្នុង ការ ប្រយុទ្ធការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ដំណើរការ ចាក់ វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ ផ្អែកតាម យុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ បង្កលក្ខណ សម្បត្តិដល់ការបើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យ ហើយក្រសួង ស្ថាប័ន និង រដ្ឋបាលសាធារណៈគ្រប់ថ្នាក់ក៏បានធ្វើសកម្មភាពពេញលេញទៅតាមគន្លង ប្រក្រតីភាពថ្មី ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ។

      សម្ដេចក្រឡាហោម ស ខេង បានបន្ដថា៖ មកដល់ឆ្នាំ២០២២នេះ ស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលគួរឲ្យ ព្រួយបារម្ភ ជាពិសេសមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង បាននិងកំពុងតែឆ្លង រីករាលដាលក្នុងសហគមន៍នៅក្នុងរាជធានីភ្នំពេញ និងខេត្តនានាផងដែរ។ ប៉ុន្តែទោះជាយ៉ាង ណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំ ដាក់ចេញនូវគោលការណ៍ និងវិធានការនានាជាមួយការគាំទ្រ ការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋ រួមគ្នាដើម្បីគ្រប់គ្រង ឆ្លើយតបចំពោះជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ជាពិសេសការស្វះស្វែងរកវ៉ាក់សាំងសម្រាប់ ចាក់ជូនប្រជាពលរដ្ឋ រួមនឹងការចាក់ដូសជំរុញដើម្បីបង្កើនភាពស៊ាំដ៏រឹងមាំក្នុងសហគមន៍ សំដៅបន្ថយករណីឆ្លង និងឈឺធ្ងន់ ឈានទៅរកការកាត់ផ្ដាច់ខ្សែចម្លងនៅក្នុងសហគមន៍។

    លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ដែរថា៖ រដ្ឋបាលរាជធានីភ្នំពេញ ប្ដេចជ្ញាចិត្ដរួចជាស្រេចហើយ នៅតែបន្ដខិតខំពង្រឹងរបៀបរបបដឹកនាំការងារ ពិសេស សំដៅលើកកម្ពស់ជីវភាពរស់នៅ ការបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការខិតខំចូលរួម ក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ ការដោះ ស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានា ឲ្យបានចំគោលដៅ និងការសម្របសម្រួលកម្លាំងមានសមត្ថកិច្ចនានា ក្នុងការតាមដាន និងវាយតម្លៃសភាពការណ៍ ដើម្បីរៀបចំផែនការសកម្មភាព និងវិធានការនានា ឲ្យបានសមស្របសំដៅពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុវត្ថិភាពសង្គមនៅគ្រប់មូលដ្ឋានទូទាំងរាជធានី ភ្នំពេញប្រកបដោយប្រសិទ្ធភាព ៕

ដោយ ៖ សំរិត


ចែករំលែក៖