ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ២នាក់​ ពាក់ព័ន្ធបទល្មើស ទូទាត់ថ្លៃប្រេងសាំងដោយចេញសែកស្អុយជាង ១០ ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការឃាត់ខ្លួនបុរសពីរនាក់​ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដោយជនសង្ស័យពីរនាក់ខាងលើបានទូទាត់ថ្លៃប្រេងដោយបានចេញសែកស្អុយចំនួនពីរសន្លឹក​ សរុបជាទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ​ ខណៈនារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី ។ 

ពាក់ព័ន្ធជាមួយនឹងករណីចេញសែកស្អុយនេះ​ កាលពីថ្ងៃទី ១៦​ និងថ្ងៃទី ៣០​ ខែធ្នូឆ្នាំ ២០២១ បុរសពីរនាក់ដែលជាជនសង្ស័យតំណាងឲ្យក្រុមហ៊ុន E-zone express បានធ្វើការទូទាត់ថ្លៃប្រាក់ទិញប្រេងតាមរយៈមូលប្បទានប័ត្រ(សែក) ចំនួនពីរសន្លឹកដែលសរុបជាទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ ក្រោយពីបានចេញសែករួចមក​ ជនរងគ្រោះឃើញថាសែកទាំងពីរ​ មិនមានសាច់ប្រាក់​ ក្រោយមកជនរងគ្រោះបានព្យាយាមចរចាដោះស្រាយបំណុលខាងលើតែមិនបានលទ្ធផលសោះ​ ហើយបុគ្គលទាំងពីរនាក់ខាងលើមានចេតនាគេចវេសមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលបានជួញដូរដែលធ្វើឲ្យប៉ះពាល់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងររបស់ក្រុមហ៊ុនជនរងគ្រោះ​   

ជនសង្ស័យ​ទាំង២នាក់មានទី១.ឈ្មោះ ប៉ែន​ សុភាព​ ភេទប្រុស​ អាយុ​ ៣៨ឆ្នាំ​ ជនជាតិខ្មែរ , ទី២.ឈ្មោះ​ ស៊ាង​ ថៃ​ ភេទប្រុស​ អាយុ​ ៣៨ឆ្នាំ​ ជនជាតិខ្មែរ​ ពាក់ព័ន្ធ។

បច្ចប្បន្នជនសង្ស័យទាំង២នាក់ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖