ខេត្តបន្ទាយមានជ័យ៖ បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី០៦ ខែមីនា ឆ្នាំ២០២២នេះថា៖ មានករណីខ្យល់កន្ត្រាក់យ៉ាងខ្លាំង បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ១៣ខ្នងរងការខូចខាត ក្នុងភូមិចំនួន២ កាលពីវេលាម៉ោង០៨យប់មិញនេះ ស្ថិតនៅត្រង់ចំណុចឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក បានបន្តថា៖ កាលពីវេលាម៉ោង០៨យប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ មានភ្លៀងកក់ខែមិនសូវខ្លាំងប៉ុន្មាននោះទេ ប៉ុន្តែមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៣ខ្នងរងនូវការខូចខាត លើភូមិចំនួន២ គឺភូមិសំបួរ និងភូមិពង្រ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលស្រុកភ្នំស្រុក បានឱ្យដឹងទៀតថា៖ ក្រោយពីកើតហេតុគ្រោះធម្មជាតិ ដោយសារខ្យល់កន្ត្រាក់នេះ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់ឱ្យកម្លាំងនគរបាលស្រុកភ្នំស្រុក បានចុះទៅពិនិត្យមើលការខូចខាត ក៏ដូចជាការគ្រោះថ្នាក់មនុស្ស ឬសត្វពាហនៈ ដើម្បីធ្វើការសង្គ្រោះ ។
គួរបញ្ជាក់ថា ក្នុងនោះនៅភូមិសំបួរ ខូចខាតផ្ទះចំនួន០៣ខ្នង ក្នុងនោះខូចធ្ងន់ចំនួន០១ខ្នងធ្លាក់ពីលើជើងកំណល់ និង០២ខ្នងទៀតរបើកស័ង្កសី ចំណែកនៅភូមិពង្រវិញ ខូចខាតផ្ទះមានចំនួន១០ខ្នង របើកស័ង្កសី។ ចំពោះក្នុងករណីខាងលើនេះដែរ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងសត្វពាហនៈនោះទេ៕
ដោយ៖សហការី