ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​ម្នាក់​បាន​សម្រេចចិត្តទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ដោយសារសមត្ថកិច្ចប៉ុស្តិ៍មិនមានចំណាត់ការក្នុងករណីប្អូនប្រុសគាត់ស្លាប់ដោយសារ​ត្រូវ​គ្រា​ប់​កាំ​ភ្លើ​ង​ខ្យល់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​បាន​សម្រេចចិត្ត​ធ្វើ​ដំណើរ​ពី​ស្រុក​សំឡូត ទៅ​ដាក់​ពាក្យបណ្ដឹង​ជា​ថ្មីនៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២២ ដើម្បី​ឲ្យ​ជួយ​រក​យុត្ដិធម៌ និង​ចាត់វិធានការ​ក្នុង​សំណុំរឿង ដែល​គាត់​អះអាង​ថា «​ប្អូនប្រុស​គាត់​បាន​ស្លា​ប់ ដោយសារ​ត្រូវ​គ្រា​ប់​កាំ​ភ្លើ​ង​ខ្យល់​» ដែលហេតុការណ៍បាន​កើតឡើង​ជិត​២​ស​ប្ដា​ហ៍​មក​ហើយ តែ​មន្ត្រី​ប៉ុស្ដិ៍​រដ្ឋបាល និង​កម្លាំង​អធិការ​ស្រុក​នេះ មិន​ព្រម​ចាត់វិធានការ​អ្វី​សោះ​ទៅ​លើ​ជន​ពាក់ព័ន្ធ បើ​ទោះជា​គាត់​បាន​ទូរស័ព្ទ​ទៅ​ប្ដឹង​​ជា​ច្រើន​លើក​ច្រើន​សារ​ក៏ដោយ។

អ្នកស្រី សំ សោភា អាយុ​៤៨​ឆ្នាំ ជា​បងស្រី​របស់​ជន​រង​គ្រោះ បានឲ្យដឹងកាលពីរសៀល​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ២០២២ ថា ប្អូនប្រុស​របស់​អ្នកស្រី គឺ​ឈ្មោះ សំ សុ​ខេ​រៈ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​សំរិល​ក្រោម ឃុំ​អូរ​សំរិល ស្រុក​សំឡូត បាន​ស្លា​ប់​កាលពី​យប់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ នៅ​មន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី​៥ (​ពេទ្យ​ពពីរ​) ក្រោយ​ពី​ត្រូវ​របួស​ភ្នែក​ផុង​ចូល​ដល់​លលាដ៍ក្បាល​ផ្នែក​ខាងក្រោយ ដោយសារ​គ្រា​ប់​កាំ​ភ្លើ​ង​ខ្យល់ ដែល​គាត់​សង្ស័យ​ថា មាន​អ្នក​លួច​បា​ញ់​។

អ្នកស្រី​បាន​និយាយ​ថា ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពីរវេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកុម្ភៈ នៅ​ចំណុច​ឃ្លាំង​ស្ដុក​ដំឡូង​មី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​សំរិល​ក្រោម ឃុំ​អូរ​សំរិល ស្រុក​សំឡូត​។ 

អ្នកស្រីបានឲ្យដឹងទៀតថា​ ដំបូង​ក្រុម​គ្រួសារ​គាត់​មិន​បានដឹង​រឿង​ទេ តែ​នៅ​​ម៉ោងជាង​១២​យប់ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ស្រាប់តែ​ឃើញ​ឈ្មោះ ឆើត និង​ឈ្មោះ​ប្រុស ដឹក​ប្អូនប្រុស​គាត់​មក​ដល់​ផ្ទះ​ទាំង​ឈា​ម​ជោក​ពេញ​ខ្លួន និង​មាន​របួស​ភ្នែក​ខាងឆ្វេង​។ ពេល​នោះ​គាត់​​សួរ​ឈ្មោះ​ឆើត អំពី​មូលហេតុ តែ​ឈ្មោះ ឆើត ប្រាប់​ថា «​ត្រូវ​គ្រា​ប់​កាំ​ភ្លើ​ង​ខ្យល់​»​រួចក៏ប្រញាប់​ជូន​ប្អូន​ទៅ​ពេទ្យ​។

លោកស្រី​បន្ត​ថា ប៉ុន្តែ​ក្នុងអំឡុងពេល​នោះ គាត់​ក៏​បាន​រាយការណ៍​ប្រាប់​ទៅ​មេ​ភូមិ ហើយ​មេ​ភូមិ​ក៏​បាន​រាយការណ៍​បន្ត​ទៅ​មន្ត្រី​នគរបាល​ប៉ុស្ដិ៍ និង​លោក​អធិការ​ស្រុក​សំឡូត​ផង ដើម្បី​ឲ្យ​ជួយ​សួរនាំ​អំពី​មូលហេតុ​។ ប៉ុន្តែ​គ្មាន​អស់លោក​ណា​អើពើ​នឹង​ករណី​នេះ​ទេ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ដោយសារ​របួសធ្ងន់​ពេក ប្អូនប្រុស​របស់​គាត់​ក៏​បាន​ស្លា​ប់​នៅ​ក្នុង​មន្ទីរពេទ្យ​តែ​ម្តង​។

អ្នកស្រី​បាន​បញ្ជាក់​ថា ចាប់តាំងពី​ពេល​កើតហេតុ រហូត​ប្អូន​ស្លា​​ប់ និង​ធ្វើបុណ្យ​ស​ព​ប្អូន​រួច គាត់​តែងតែ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​សុំ​ឲ្យ​ជួយ​ស៊ើបអង្កេត​រឿង​ប្អូនប្រុស​គាត់​ត្រូវ​គ្រា​ប់​កាំ​ភ្លើ​ង​ខ្យល់​ ព្រោះ​គាត់​សង្ស័យ​ថា ប្អូនប្រុស​គាត់​អាច​ត្រូវ​គេ​លប​បា​ញ់ ខណៈ​ពេល​កំពុង​ឆាបរណា​យន្ត​នៅ​ក្នុង​បន្ទប់ មិនមែន​រាលកៃ​កាំ​ភ្លើ​ង​ខ្យល់​ត្រូវ​ភ្នែក​ខ្លួនឯង​នោះ​ទេ ប៉ុន្តែ​ទាំង​មន្ត្រី​ប៉ុស្ដិ៍​ទាំង​ខាង​អធិការ​ស្រុក សុទ្ធតែ​បាន​អះអាង​តប​មក​គាត់​វិញ បែប​ជួយ​ការពារ​ភាគី​ជនសង្ស័យ​យ៉ាង​ដូច្នេះ​ថា «​គ្មាន​រឿង​ប៉ង​ធ្វើ​ឃា​ត​ទេ បើ​គេ​ធ្វើឃាត​មិនមែន​គេ​ដឹក​ជន​រង​គ្រោះ​យក​មក​ឲ្យ​ដល់​ផ្ទះ​នោះ​ទេ​»​។

ដោយសារ​តែ​ខាង​ប៉ុស្ដិ៍ និង​ខាង​អធិការ​ស្រុក មិន​ចាត់វិធានការ​តាម​ការ​ស្នើ​សុំ​របស់​អ្នកស្រី ទើប​អស់​សង្ឃឹមលើ​សមត្ថកិច្ច​ស្រុក អ្នកស្រី​ក៏​បាន​សម្រេចចិត្ត​ធ្វើ​ដំណើរ​ទៅ​ដាក់​បណ្ដឹង​នៅ​ស្នងការ​ខេត្ត កាលពី​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ២០២២ ដើម្បី​សុំ​ឲ្យ​លោកស្នងការ​ជួយ​អន្តរាគមន៍​ស៊ើបអង្កេត​ជួយ​រក​យុ​ត្តិ​ធ​ម​)​ឲ្យ​ប្អូនប្រុស​គាត់​។

ពាក់ព័ន្ធ​នឹង​សំណុំរឿង​ខាងលើ​នេះ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សំណុំរឿង​នេះ ត្រូវ​បាន​មន្ត្រី​មូលដ្ឋាន​បិទ​បាំង​មិន​រាយការណ៍​ជូន​ការិយាល័យ​ជំនាញ ឬ​លោកស្នងការ​ឲ្យ​បាន​ជ្រាប​អំពី​ដំណើររឿង​ទេ​។ លុះ​នៅ​ថ្ងៃ​ទី​០៥ ខែមីនា នៅ​ពេល​សាច់ញាតិ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ទើប​រឿង​នេះ​ត្រូវ​បែកធ្លាយ​។

លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ បានឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ២០២២នេះថា លោក​មិន​ទាន់​ដឹង​ថា ករណី​​នេះ កើតឡើង​បែប​ណា​ទេ តែ​ការិយាល័យ​ជំនាញ បាន​ទទួល​បណ្ដឹង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ហើយ​។ ប៉ុន្តែ​លោកស្នងការ​រង​ហាក់​បាន​ជួយ​និយាយ​ការពារ​មន្ត្រី​មូលដ្ឋាន ដែល​ព្យាយាម​លាក់បាំង​មិន​រាយការណ៍​មក​ស្នងការ​ខេត្ត​។

លោក លឹ​ម ពុ​ទ្ធី​ឡា បាន​និយាយ​ថា ក្រោយ​កើតហេតុ ខាង​អធិការ​ស្រុក បាន​រាយការណ៍​ជា​បន្តបន្ទាប់ ហើយ​លោក​បញ្ជាក់​ថា ក្រោយ​ទទួលពាក្យបណ្ដឹងពីបងស្រី​ជន​រង​គ្រោះ ពេល​នេះ​លោកស្នងការ បាន​ចេញ​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​អធិការ​ស្រុក​សំឡូត ចុះ​ស្រាវជ្រាវ​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ចំពោះ​មុខសញ្ញា​ជន​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះ​តាម​ផ្លូវច្បាប់​៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖