ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់​កន្ត្រាក់​បានបំផ្លាញផ្ទះប្រជាពលរដ្ឋ​ជាង​១០​ខ្នង​រងការខូចខាតយ៉ាងខ្លាំង​ ក្នុងភូមិ​ចំនួន​២ នៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖​ បើ​តាមការបញ្ជាក់ពី​​លោក​វរសេនីយ៍ទោ ប៉ិក គឹ​ម​ហ៊ា​ក អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ មានករណីខ្យល់​កន្ត្រាក់​យ៉ាងខ្លាំង​ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ​ចំនួន​ ១៣​ខ្នង​រងការខូចខាត ក្នុងភូមិ​ចំនួន​២ កាលពីវេលា​ម៉ោង​០៨​យប់មិញ​នេះ​ ស្ថិត​នៅ​ត្រង់​ចំណុច​ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ទោ ប៉ិក គឹ​ម​ហ៊ា​ក​ បានបន្តថា​៖ កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២២ មាន​ភ្លៀង​កក់ខែ​មិនសូវ​ខ្លាំង​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​មាន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​បាន​បោកបក់​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៣​ខ្នង​រង​នូវ​ការ​ខូចខាត លើ​ភូមិ​ចំនួន​២ គឺ​ភូមិ​សំបួរ និង​ភូមិ​ពង្រ ស្ថិត​ក្នុង​ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បានឱ្យដឹងទៀតថា​៖ ក្រោយ​ពី​កើតហេតុ​គ្រោះ​ធម្មជាតិ ដោយសារ​ខ្យល់​កន្ត្រាក់​នេះ តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយ​មានជ័យ​ បានចាត់ឱ្យ​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រុក បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​ខូចខាត ក៏​ដូច​ជា​ការ​គ្រោះថ្នាក់​មនុស្ស ឬ​សត្វពាហនៈ ដើម្បី​ធ្វើការ​សង្គ្រោះ ។ 

គួរបញ្ជាក់ថា​ ក្នុង​នោះ​នៅ​ភូមិ​សំបួរ ខូចខាត​ផ្ទះ​ចំនួន​០៣​ខ្នង ក្នុង​នោះ​ខូច​ធ្ងន់​ចំនួន​០១​ខ្នង​ធ្លាក់​ពីលើ​ជើង​កំណល់ និង​០២​ខ្នង​ទៀត​របើក​ស័ង្កសី ចំណែក​នៅ​ភូមិ​ពង្រ​វិញ ខូចខាត​ផ្ទះ​មាន​ចំនួន​១០​ខ្នង របើក​ស័ង្កសី​។ ចំពោះ​​ក្នុង​ករណី​ខាងលើ​នេះដែរ​ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស និង​សត្វពាហនៈ​នោះទេ​៕

ដោយ​៖សហការី​


ចែករំលែក៖