ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលខេត្តត្បូងឃ្មុំ បង្កើនការការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនពលរដ្ឋ ខណៈអភិបាល ខេត្ត បន្តលើក ទឹកចិត្តកងកម្លាំងថវិកា ៥លានរៀល

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ដើម្បីបង្កើនការការពារធានាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានរៀបចំប្រជុំជួរ និងត្រួតពិនិត្យកម្លាំង ដាក់បទបញ្ជា ផែនការ យុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណា បន្តរឹតបន្តឹងវិន័យកងកម្លាំង ក្នុងគោលដៅធានាបាននូវសេចក្តីសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខដឹកនាំដ៏ឆ្នើម ក៍ដូចជាក្រោមការ ណែនាំចង្អុលបង្ហាញពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ថ្លែងទៅកាន់កងកម្លាំងនគរបាលខេត្តប្រមាណជាង៣០០នាក់ នាឳកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា បានក្រើនរំលឹកឡើងវិញ ដល់កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នូវរាល់បញ្ហាសំខាន់ៗទាក់ទងនឹង ការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ និងជួយសម្រួលចរាចរណ៍  តាមដងផ្លូវនានា ជូនដល់បងប្អូនជនរួមជាតិ និងភ្ញៀវអន្តរជាតិ ក្នុងខេត្តត្បូងឃ្មុំ ។ 

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានដាក់បទបញ្ជាបង្ក្រាបរាល់បទល្មើសខុសច្បាប់នានា លុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខានតែបាន ដូច ដែលលទ្ធផលនាពេលកន្លងមក កង កម្លាំងមានសមត្ថិច្ចបង្ក្រាបបាន ព្រមទាំងផ្តល់រង្វាន់ជូនអ្នកដែលមានស្នាដៃបង្ក្រាបបានផងដែរ។ ជាពិសេសបានណែនាំបន្ថែមដល់នគរបាលទាំងអស់ត្រូវបន្តយក ចិត្តទុកដាក់អនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីថែរក្សាសុខភាព និងជៀសផុតពីជំងឺឆ្លងកូវីដ19 (មេរោគបំប្លែងថ្មី អូមីក្រុង) ។

បន្ទាប់ពីត្រួតពិនិត្យកម្លាំងចប់សព្វគ្រប់ហើយ លោកឧត្តមសេនីយ៍ស្នងការ បានដឹកនាំក្បួនកងកម្លាំង ម៉ូតូ រថយន្ត ល្បាតតាមភូមិសាស្ត្រសំខាន់នៃតំបន់រដ្ឋបាលខេត្ត និងសាលាខេត្តត្បូងឃ្មុំ ក៏ដូចជាទទួលនូវអនុសាសន៍ដឹកនាំ និងការលើក ទឹកចិត្តពីលោកជាម ច័ន្ទសោភ័ណ អភិ បាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យ និងទទួលបទបញ្ជា ក្នុងការថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសថែរក្សាសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមក និងឆ្លងកាត់ខេត្តត្បូងឃ្មុំ។

នាឱកាសនោះលោក ជាម ច័ន្ទសោភ័ណ បានថ្លែងការកោតសរសើរ ដល់ស្នងការដ្ឋាននគរបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ក្នុងការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈបានល្អ ខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ជាពិសេសក្នុងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋមកលើកម្លាំងសមត្ថកិច្ច។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវបន្តខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនពលរដ្ឋ ថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានកាន់តែល្អប្រសើរថែម ទៀតដោយត្រូវត្រៀមកម្លាំងមធ្យោបាយ និងសម្ភារប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ សម្រាប់ជួយអន្តរាគមន៏ដោះស្រាយឲ្យ បានទាន់ពេលវេលា នៅពេលមានបទ ល្មើស ឬហេតុការណ៏ណាមួយកើតឡើង ជាយថាហេតុ។

ជាចុងក្រោយលោក ជាម ច័ន្ទសោភ័ណ បានបន្តឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ៥លានរៀល ដល់ស្នងការនគរបាលខេត្តត្បូងឃ្មុំ ខណៈដែលកន្លងមកលោកអភិបាលខេត្តត្បូងឃ្មុំ តែងតែចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ជាការជួយជម្រុញលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ៕

ដោយ៖ សូរិយា


ចែករំលែក៖