ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីប្រកាសថា បានកម្ទេចហេដ្ឋារចនាសម្ព័ន្ធ យោធារបស់អ៊ុយក្រែនជាច្រើន

ចែករំលែក៖

កម្លាំងទាហានរុស្ស៊ីបានប្រកាសថាបានកម្ទេចគោលដៅចំនួន២២០០កន្លែងនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងរយៈពេល ១១ថ្ងៃនៃការធ្វើសង្គ្រាម ។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានបញ្ជាក់នៅថ្ងៃទី ៦ខែមីនា មានគោលដៅ សព្វាវុធរបស់អ៊ុយក្រែន ចំនួន ២.០០៣ នៅក្នុងទឹកដីអ៊ុយក្រែនរងការបំផ្លាញពីកម្លាំងទាហានរុស្ស៊ី ។ ក្នុងនោះមាន ទីបញ្ជការ៧៦កន្លែង ប្រព័ន្ធការពារដែនអាកាស S-300, Muk-M1 និង Osa ចំនួន១១១គ្រឿងរងការបំផ្លញា ព្រមទាំងប្រព័ន្ធរ៉ាដា ៧១គ្រឿងផងដែរ។
ជាមួយគ្នានេះរុស្ស៊ីក៏បានបំផ្លាញ យន្តហោះចម្បាំងរបស់អ៊ុយក្រែន ៦៩គ្រឿង នៅលើដី និងនៅលើអាកាស២៤គ្រឿងត្រូវទាហានរុស្ស៊ីបាញ់កម្ទេច ។ ជាមួយគ្នានេះក៏មានរថក្រោះ រថពាសដែក រហូតដល់ទៅ៧៧៨គ្រឿង រងការបំផ្លាញ និងកាំភ្លើងធំ២៧៩គ្រឿង យន្តហោះគ្មានមនុស្សបើក៦២គ្រឿង …។
ចំណែកអ៊ុយក្រែនវិញ បាន អះអាងថា កងទ័ពរុស្ស៉ីកើនដល់ជាង ១១,០០០នាក់ហើយ ត្រូវបានសម្លាប់ គិតចាប់តាំងពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបើកប្រតិបត្តិការយោធាចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។
យោធាអ៊ុយក្រែនបានបន្ថែមថា ខាងរុស្ស៉ីក៏បានបាត់បង់សព្វាវុធ និងបរិក្ខាយោធាសរុបជាង ២,០០០គ្រឿងផងដែរ ក្នុងនោះរួមមានទាំង រថក្រោះ២៨៥គ្រឿង, យន្តហោះយោធា៤៤គ្រឿង និងឧទ្ធម្ភាគចក្រ៤៨គ្រឿង។ យ៉ាងណាមិញ អ៊ុយក្រែនមិនបានរាយការណ៍ឱ្យដឹងពី ចំនួនកងទ័ពរងគ្រោះនៅខាងខ្លួនផ្ទាល់ឡើយ។
ចំណែករុស្ស៊ីវិញ បានអះអាងថា កងទ័ពខ្លួនត្រឹមជិត៥០០នាក់ប៉ុណ្ណោះ ដែលបានស្លាប់ គិតចាប់តាំងពីការបើកប្រតិបត្តិការយោធានៅអ៊ុយក្រែន ហើយកងទ័ពអ៊ុយក្រែនជិត៣,០០០នាក់ ត្រូវបានសម្លាប់ និងរាប់រយនាក់ត្រូវបានចាប់ខ្លួន ៕

ដោយ៖ធីរីណា(រូបថត៖AP)


ចែករំលែក៖