ព័ត៌មានទាន់ហេតុការណ៍៖

ថ្លេីមធំហ៊ាន​! ខ្ចី​ម៉ូតូ​គេ​យក​ទៅ​បញ្ចាំ​​រួច​ដើរ​ស៊ីចាយ​អស់ ហើយហ៊ា​នទូរស័ព្ទ​គំ​រា​ម​ទារ​លុយ​ពី​ម្ចាស់​ម៉ូតូ​ថែម​ទៀត​ ចុងក្រោយ​ជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​នគរបាល​ខណ្ឌពោធិ៍សែនជ័យ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ បានឃាត់ខ្លួនជនសង្ស័យម្នាក់​ បន្ទាប់ពី​ធ្វេីសកម្មភាពខ្ចី​ម៉ូតូ​អ្នកស្គាល់គ្នា​ នៅឯស្រុក​កោះធំ​ ​មួយ​គ្រឿង​យក​ទៅ​បញ្ចាំ​ចំនួ​ន​ ​៣៥០​ដុល្លារ រួច​ដើរ​ស៊ីចាយ​អស់ហើយ។ មិនតែប៉ុណ្ណោះ​ ក៏បានទូរស័ព្ទ​ទៅគំ​រា​ម​ទារ​លុយ​ពី​ម្ចាស់​ម៉ូតូ​ចំនួន​៥០.០០០​រៀល​បន្ថែម​ទៀត​ ក៏ត្រូវ​ប្អូនជនរងគ្រោះប្ដឹងសមត្ថកិច្ចចាប់ក្របួចជាប់តែម្តង។ 

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីងកាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រលប់ ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២២ ស្ថិត​តាម​បណ្តោយ​ជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​នគរបាល​ចោម​ចៅ​ទី​៣ ស្ថិត​ក្នុង​សង្កាត់​ចោម​ច​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ 

របាយការណ៍​ដដែល​ បានបន្តថា​ ជនសង្ស័យ​មានឈ្មោះ ស៊ុ ថន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​បុក​អណ្តូងស្នប់ មាន​ទីលំនៅ​ភូមិ​កំពង់​កុង ឃុំ​ជ្រុង​រមាស ស្រុក​កោះធំ ខេត្តកណ្តាល​។​
ចំណែក​ជនរងគ្រោះ​ជាម្ចាស់​ម៉ូតូ​មានឈ្មោះ ឡា​ច ប៊ុ​ន​លី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​កម្មករ​បុក​អណ្តូងស្នប់ មាន​ទីលំនៅ​ភូមិ​ក្បាលដំរី ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល។

យោង​តាម​ដំណើរ​រឿង​ បានឱ្យដឹងថា​ មុនពេលកេីតហេតុ​ កាលពីថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២២ថ្មីៗនេះ​ ជនសង្ស័យ​ឈ្មោះ ស៊ុ ថន បាន​ទៅ​ខ្ចី​ម៉ូតូ​ជន​រង​គ្រោះឈ្មោះ ឡា​ច ប៊ុ​ន​លី ជាអ្នកធ្វេីការជាមួយគ្នាដោយ​ប្រាប់​ថា៖ ខ្ចី​ម៉ូតូ​ទៅ​ទិញ​ប្រេងម៉ាស៊ូត ស្រាប់​តែ​បែរជា​ទៅ​បាត់​រយៈពេល​៤​ថ្ងៃ។ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែមីនា ស្រាប់តែ​ជនសង្ស័យ​ខាងលេីនេះ​ បាន​យក​ទូរស័ព្ទ​តេ​ទៅ​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​ថា៖ «​យក​លុយឱ្យ​រូបគេ​៥ម៉ឺនរៀល​មក ទើប​ប្រគល់​ម៉ូតូ​ឱ្យ​​វិញ​»​។ ភ្លាម​ៗ​នោះ ម្ចាស់​ម៉ូតូ​ក៏​បាន​ប្រាប់​ប្អូនបង្កើត​របស់​គាត់ ដែល​កំពុងធ្វើការ​នៅ​ភ្នំពេញ ឱ្យ​ទាក់ទងជាមួយលេខ​ទូរស័ព្ទ​របស់​ជនសង្ស័យ​ដើម្បី​ទាក់ទងគ្នា​តែ​ម្តង​។

បន្ទាប់​ពី​ជនសង្ស័យ​ និងប្អូនប្រុស​ជនរងគ្រោះ​ជាម្ចាស់​ម៉ូតូ​ក៏​បានទំនាក់ទំនងទៅ​លេខ​ទូរស័ព្ទ​ជនសង្ស័យ ហើយ​បាន​ណាត់ជួប​គ្នា​ដើម្បី​យក​លុយ​៥ម៉ឺន​រៀល​ទៅ​ឱ្យ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ក្បែរ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣។ ភ្លាម​ៗ​នោះ ជនសង្ស័យ​ក៏​បាន​មក​ជួប​ដូច​ការ​ណាត់ ហើយ​ក៏​ត្រូវ​ប្អូន​របស់​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ បាន​រត់​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឃាត់ខ្លួន​បាន​តែ​ម្តង​។

ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន ហេីយ​ក៏នាំ​ខ្លួន​ជនសង្ស័យ​មក​កាន់​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ធ្វើការ​សាកសួរ​​បាន​ឆ្លេីយសារភាព​ថា៖ «​រូបគេ​ពិតជា​បាន​ខ្ចីម៉ូតូ​ពី​ជន​រង​គ្រោះ​ពិតប្រាកដ​មែន រួចបាន​យក​ទៅ​បញ្ចាំ​នៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ បាន​ប្រាក់​ចំនួន​៣៥០​ដុល្លារ ​យក​លុយ​នោះ​ទៅ​ស៊ីចាយ និង​សង​គេ​អស់​ទៅ​ហើយ​។

បច្ចុប្បន្ន​កម្លាំងនគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ប្រគល់​ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ ឱ្យ​ទៅអធិការដ្ឋាន​ស្រុក​កោះធំ ដើម្បី​បន្តនីតិវិធី​ ព្រោះជាម្ចាស់ករណី៕

ដោយ​៖សហការី​


ចែករំលែក៖