ខេត្តកោះកុង៖ កម្លាំងនគរបាលខេត្តកោះកុងកំពុងតាមប្រមាញ់ចាប់ខ្លួនបុរសម្នាក់ជាឪពុកបង្កើតចិត្តអប្រិយដែលគំរាមសម្លាប់កូនស្រីពីរនាក់ បន្ទាប់ពីជនល្មោភកាមរូបនេះបានធ្វើសកម្មភាពចាប់រំលោភកូនស្រីខ្លួនឯងជាច្រើនដង ហើយទើបតែបែកការណ៍ក៏លួចរត់គេចខ្លួនបាត់។ នេះបេីយោងតាមការបញ្ជាក់ពីលោក ហាក់ ឡេង អភិបាលស្រុកបទុមសាគរ ដែលបានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។
លោកអភិបាលស្រុកបទុមសាគរបានបន្តឱ្យដឹងថា៖ ម្តាយរបស់យុវតីរងគ្រោះខាងលើនេះមានកូនក្នុងបន្ទុកគ្រួសារចំនួន ប្រាំនាក់ ក្នុងនោះមានស្រីបីនាក់ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល។
បេីយោងតាមការរៀបរាប់របស់ស្ត្រីដែល ជាម្តាយរបស់យុវតីរងគ្រោះបានឱ្យដឹងថា រូបគាត់មានឈ្មោះ ជ.ច.ណអាយុ៣៧ឆ្នាំ មុខរបរលក់បន្លែ បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអណ្តូងទឹក ពីបទប្តីរបស់លួចលាក់ចាប់រំលោភសេពសន្ថវៈកូនស្រីបង្កើតរបស់ខ្លួនចំនួនពីរនាក់បានសម្រេចនៅស្រុកបទុមសាគរ ខេត្តកោះកុង។ ស្រ្តីជាម្តាយបានបន្តថា ករណីប្តីរបស់គាត់បានលួចលាក់ បង្ខិតបង្ខំកូនស្រីបង្កើតចំនួនពីរនាក់រំលោភសេពសន្ថវៈដោយសម្រេចបានជាច្រើនលើកកាលពីថ្ងៃទី៤ ខែមីនា កន្លងទៅ តែទើបបែកការណ៍ខណៈដែលប្តីចិត្តអប្រិយរបស់គាត់កំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់។
ស្រ្តីជាម្តាយបានលើកឡើងទៀតថា៖ គាត់មិនអាចទ្រាំទ្រនឹងទម្ងន់នៃការឈឺចាប់នេះទេ កន្លងទៅកាលពីឆ្នាំ២០២១ យុវតីដែលត្រូវឪពុកបង្កើតខ្លួនឯងចាប់រំលោភបានសម្រេចជាច្រើនលើក ហើយថែមទាំងគំរាមអារ.ក សម្លាប់ចោលទម្លាក់ទឹកព្រែកទៀត។ កូនស្រីរងគ្រោះនោះម្នាក់អាយុ១៥ឆ្នាំ និងម្នាក់ទៀតអាយុ១០ឆ្នាំ។
ជាមួយគ្នានោះ អាជ្ញាធរមានសមត្ថកិច្ចស្រុកបានបង្ហាញការសោកស្តាយជាពន់ពេកដែលមិនគួរឱ្យកើតមានក្នុងមូលដ្ឋានចំទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ដោយបានផ្តល់ជាថវិកា និងស្បៀងអាហារមួយចំនួនសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ បានមួយចំណែកក្នុងគ្រាមានអាសន្នអន់ក្រនេះ។ ទន្ទឹមនោះ សមត្ថកិច្ចជំនាញខេត្តកោះកុង ក៏បានសន្យាថា នឹងតាមចាប់ខ្លួនបុរសជាប្តី និងជាឪពុកចិត្តអប្រិយគ្មានសីលធម៌យកមកផ្តន្ទាទោសឱ្យខាងតែបាន ទោះបីជាបុគ្គលដែលសង្គមស្អប់ខ្ពើមមួយរូបនេះរត់ទៅដល់ទីណាក៏ដោយ ក៏មិនអាចរួចពីសំណាញ់ច្បាប់បានដែរ។
គួរជម្រាបថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញខេត្តកោះកុង មានអំពើហិង្សាកាប់សម្លាប់រវាងប្តីនឹងប្រពន្ធផងដែរនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ឥឡូវក៏មានករណីឪពុករំលោភកូនស្រីខ្លួនឯងយូរឆ្នាំ២ករណីទៀត នៅស្រុកបទុមសាគរ ដែលសបញ្ជាក់ថា ស្ត្រី និងកុមារីនៅតែជាជនងាយរងគ្រោះបំផុតពីក្រុមបុរសអគតិបន្តរំលោភបំពាន យ៉ាងឃោរឃៅខាងផ្នែករូបរាងកាយ ផ្លូវចិត្ត និងផ្លូវភេទផងដែរ៕
ដោយ៖សហការី