ព័ត៌មានទាន់ហេតុការណ៍៖

អបអរសារទរខួបលើកទី១១១ ទិវានារីអន្តរជាតិ ៨ មីនា ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត”

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នារសៀល​ថ្ងៃព្រហស្បតិ៍ ៨កេីត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និង លោកស្រី, លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រីបានអញ្ជេីញជាអធិបតីក្នុងពិធីអបអរសារទរខួបលើកទី១១១ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេល អនាគត»។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការជានារីក្នុងរដ្ឋបាលខេត្ត ប្រមាណ ជាង ៤០ នាក់។

  មានប្រសាសន៍ក្នុងឪកាស សំណេះសំណាលជាមន្រ្តីរាជការជាស្រ្តី លោក ស្វាយ សំអ៊ាង បានថ្លែងកោត សរសើរចំពោះ លោកស្រីជាក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការរដ្ឋបាលខេត្តស្ទឹងត្រែង និងស្ត្រីទាំងអស់ ហើយលោកសូមវាយតម្លៃខ្ពស់ និងគាំទ្រគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារ ខេត្ត ក្រុង ស្រុក និងគណៈកម្មា ធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ សង្កាត់ ដែលបាននឹងកំពុងខិតខំប្រឹងប្រែង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការលើកកម្ពស់បរិយាប័ន្ននិងសមធម៍សង្គម ដើម្បីស្ត្រីនិងកុមារនិងជនងាយរងគ្រោះ ទទួលបានកិច្ចការពារសិទ្ធនិងផលប្រយោជន៍។

លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍បន្ថែមថា÷ ប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” ដែលត្រូវបានលើកឡើង ក្នុងឆ្នាំនេះ ជាប្រធានបទមួយមានខ្លឹមសារយ៉ាងជ្រាលជ្រៅ ដោយបានបញ្ជាក់អំពីតម្លៃនៃការទទួលបានមកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ដើម្បីបញ្ជាក់អំពីតម្លៃនៃការទទួលបាន នូវសមភាពរវាងស្រ្តីនិងបុរសសម្រាប់ការអភិវឌ្ឍគ្រប់វិស័យ និងជំរុញឱ្យគ្រប់ដៃគូពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយ កម្មវិធី និងសកម្មភាពជាក់លាក់នានា ក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ដូចមានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លោក ស្វាយ សំអ៊ាង បានជំរុញនិងលើកទឹកចិត្តដល់ស្ត្រី​ទាំងអស់ ពិសេស ឯកឧត្តមក៏បញ្ចាក់ថា ស្ត្រី គឺជា​ឆ្អឹងខ្នង នៃ​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ  ដូច្នេះសូមអោយបងប្អូន​ជា​ស្ត្រី​គ្រប់ៗ​រូប ត្រូវ​ពង្រឹងសមត្ថភាព​ការងារ និង​បណ្ដុះបណ្ដាល ជំនាញ​បច្ចេកទេស​បន្ថែមទៀត ដើម្បី មានចំណេះដឹង និង​សមត្ថភាព​ខ្ពង់ខ្ពស់ ហើយ​ទទួល​ឱកាសចូលរួមចំណែក​ក្នុង​សកម្មភាព​នានា ទាំង​ឆាកនយោបាយ និង​ការងារសង្គម។ 

   សូមបញ្ជាក់ថា ក្នុងឱកាសអបអរសារទរខួបលើកទី១១១ ទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២២នេះ តាមមន្ទីរ អង្គភាព ជុំវិញខេត្តស្ទឹងត្រែង មួយចំនួន ក៏បានប្រារព្វធ្វើផងដែរ ក្នុងន័យលើកកម្ពស់មន្ត្រីរាជការជានារីនៅក្នុងអង្គភាព ឲ្យកាន់តែមានទឹកចិត្តបំពេញការងារថែមទៀត ក៏ដូចជាក្នុងន័យបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំអង្គភាព ចំពោះមន្ត្រីរាជការជានារីផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖