ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃម្នាក់ស្រវឹងស្រាបាញ់សម្លាប់ខ្លួនឯង សង្ស័យប្រចណ្ឌប្រពន្ធ

ចែករំលែក៖

   ខេត្តស្វាយរៀង ៖ មានករណីផ្ទុះអាវុធមួយគ្រាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកធ្វើអន្តរាគមន៍និងពិនិត្យ ហើយបានប្រទះឃើញបុរសម្នាក់ដេកក្នុងថ្លុកឈាម។ភ្លាមៗនោះសមត្ថកិច្ចក៏ប្រញាប់ប្រញាល់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប តែអកុសលយឹតពេលទៅហើយ។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១១ខែមីនាឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិត្រពាំងកំពឹស ឃុំខ្សែត្រ  ស្រុកកំពង់រោទ៍។

   បើតាមលោកហែម សាមុត អធិការនគរបាលស្រុកកំពង់រោទ៍បានឱ្យដឹងថាបុរសខាងលើមានឈ្មោះសួន តេជះ អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានទីលំនៅរាជធានីភ្នំពេញ តែបានមកស្នាក់នៅផ្ទះបងប្អូនចំណុចភូមិត្រពាំងកំពឹស ឃុំខ្សែត្រស្រុកកំពង់រោទ៍។

   លោកបញ្ជាក់ថា បុរសនេះបានយកកាំភ្លើងម៉ាកឡុក ពណ៌ខ្មៅលាយទឹកមាស បាញ់សម្លាប់ខ្លួនឯងចំនួន១គ្រាប់នៅត្រង់គល់កខាងឆ្វេងធ្លាយមកឆ្អឹងជំនីរខាងស្តាំក្រោយពេលផឹកស្រាបៀរ ABC អស់ជាច្រើនកំប៉ុងបណ្ដាលឱ្យស្រវឹង ហើយប្រហែលជាមានចិត្តប្រចណ្ឌប្រពន្ធផងក៏ដាច់ចិត្តគិតខ្លីបាញ់សម្លាប់ខ្លួនឯងតែម្ដង។

   ប្រភពបន្តថា បុរសរងគ្រោះបានមកលេងផ្ទះបងប្អូនកន្លែងកើតហេតុអស់រយៈពេល២ថ្ងៃមកហើយ រហូតមកដល់ព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២២រូបលោកនិងក្រុមការងារបានបន្តចុះមកកន្លែងកើតហេតុពិនិត្យម្ដងទៀតផងដែរ។

ចំពោះសម្ភារវត្ថុតាងកាំភ្លើងខ្លីសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍។

   សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន


ចែករំលែក៖