ព័ត៌មានទាន់ហេតុការណ៍៖

តំណាងសម្តេចតេជោ ប្រគល់រថយន្ដដឹកវ៉ាក់សាំងចំនួន១០គ្រឿងបន្ថែមទៀត ជាអំណោយជូនដល់ប្រទេសឡាវ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ នាច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ក នៃប្រទេសឡាវ បានរៀបចំប្រគល់-ទទួលរថយន្ដដឹកវ៉ាក់សាំង ចំនួន១០គ្រឿងបន្ថែមទៀត ដែលជាអំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ត្រូវបានរៀបចំពិធីប្រគល់ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរួចហើយ តាមរយៈលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា 

សូមបញ្ជាក់ថា, ការសម្រេចផ្តល់រថយន្តដឹកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះសុខភាពនិងសុខុមាលភាពរបស់ប្រជាជនឡាវ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌ប្រកបដោយបេះដូងដ៏ល្អប្រពៃពិតប្រាកដរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងន័យ «កម្ពុជាជាប្រទេសតូចតាចតែមានបេះដូងធំទូលាយ» ហើយកម្ពុជា ក៏តែងតែបាន និងកំពុងធ្វើ ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយការគិតគូរខ្ពស់ រួមគ្នាដោះស្រាយវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស និងនៅក្នុងតំបន់។

អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់កម្ពុជានាពេលនេះ នឹងរួមចំណែកបន្ថែមទៀតជូនដល់ប្រទេសឡាវ នៅក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសលើកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនឡាវឱ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។ 

សូមជម្រាបជូនថា, ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជាតំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី ខណៈភាគីឡាវ មានការអញ្ជើញទទួលដោយផ្ទាល់ពីសំណាក់ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។

សូមរម្លឹកថា, នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២កន្លងទៅ នេះ លោកស្រីវេជ្ជបណ្ដិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំងចំនួន ២០គ្រឿង  ដែលជាអំណោយរបស់សប្បុរសជន តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេនឃ្លាំងឱសថកណ្តាល  (CMS)។

ចំណែករាជធានី-ខេត្ត ដែលទទួលបានរថយន្តដឹកវ៉ាក់សាំងនាឱកាសនោះរួមមាន ៖

១.មន្ទីរសុខាភិបាលរាជធានីភ្នំពេញ

២.មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ

៣.មន្ទីរសុខាភិបាលខេត្តបាត់ដំបង

៤.មន្ទីរសុខាភិបាលខេត្តកំពង់ចាម

៥.មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ

៦.មន្ទីរសុខាភិបាលខេត្តកំពង់ធំ

៧.មន្ទីរសុខាភិបាលខេត្តកំពត

៨.មន្ទីរសុខាភិបាលខេត្តកណ្តាល

៩. មន្ទីរសុខាភិបាលខេត្តព្រៃវែង

១០.មន្ទីរសុខាភិបាលខេត្តសៀមរាប

១១.មន្ទីរសុខាភិបាលខេត្តតាកែវ

១២.មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ

១៣.និងឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល

ចំពោះរថយន្តដឹកវ៉ាក់សាំងដែលជាថវិកាសប្បុរសជនខ្មែរតាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ជារថយន្តម៉ាក Ford ដែលមានការរៀបចំឡើងទៅតាមតម្រូវការរបស់វ៉ាក់សាំង មានកម្រិតត្រជាក់ក្នុងសីតុណ្ហភាព -24c និងមានលក្ខណៈពិសេសជាច្រើនទៀត។

រថយន្តដឹកវ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យទូទាំងរាជធានី-ខេត្តទាំង២៥ ដើម្បីដឹកវ៉ាក់សាំង យកទៅចាក់ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេស៕

ដោយ ៖ សិលា


ចែករំលែក៖