ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២២​ តទៅ បុគ្គលម្នាក់អាចស្នើសុំទិញឱសថម៉ូលណាទ្រីស ពី ១ ប្រអប់ ដល់ ១០ ប្រអប់

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២២​ តទៅ បុគ្គលម្នាក់អាចស្នើសុំទិញឱសថម៉ូលណាទ្រីស ពី ១ ប្រអប់ ដល់ ១០ ប្រអប់ ហើយមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរងអាចស្នើសុំទិញ ពី ១០​ ប្រអប់ ដល់ ១០០ ប្រអប់​ (តម្លៃ​ ៥០ដុល្លារ ក្នុង​ ១​ប្រអប់។ 

ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពសាំសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកល កូវីដ-១៩ កន្លងមកក្រុមការងារបាននាំចូលឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) ចែកចាយបន្តក្នុងតម្លៃ ៥៥ ដុល្លារអាមេរិក ក្នុង១ដូស សម្រាប់ព្យាបាលជំងឺ កូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ។ ទន្ទឹមនឹងនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ឱសថនេះ និងចូលរួមលើកកម្ពស់សុខុមាលាភាពនិងជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានផ្តល់ថវិកាបដិភាគ ដូចនេះ ក្រុមការងារនឹងចែកចាយឱសថ ម៉ូលណាទ្រីស ក្នុងតម្លៃ ៥០ ដុល្លារ អាមេរិក ក្នុង១ដូស ចាប់ពីថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២ នេះតទៅ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន តាមលក្ខខណ្ឌ ដូចខាងក្រោម៖

-បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី១ ដល់១០ដូស

-មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់១០០ដូស

(ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ហើយអាចលក់បន្តមិនលើសពី ៦០ ដុល្លារអាមេរិក ក្នុង១ដូស

មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសារជាថ្មី យ៉ាងតិច ១សប្តាហ៍ក្រោយបញ្ជាទិញលើកចុងក្រោយ។

បញ្ជាក់៖ ករណីមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ឬអ្នកលក់ យកទៅលក់បន្តលើសពីតម្លៃ កំណត់ខាងលើ ក្រុមការងារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការ តាមនីតិវិធីជាធរមាន។

ដូចនេះ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) ដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាខា ប្រៃសណីយ៍កម្ពុជាខេត្ត។ សម្រាប់ការផ្តល់មតិត្រលប់អំពីការផ្តល់សេវា ឬព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣/ ០៧៧ ៨៦៧ ៩៥៧/០៩៦ ៤៦៦ ៤៦៤៦ ជារៀងរាល់ម៉ោងធ្វើការ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖