មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូបបានឱ្យដឹងថា សង្គ្រាមវាយប្រហារអ៊ុយក្រែនពីសំណាក់កម្លាំងទាហានរុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ថ្នល់ ស្ពាន រោងចក្រ អគារ…គិតជាទឹកប្រាក់មានតម្លៃដល់ទៅជាង១០០ពាន់លានដុល្លារហើយក្នុងពេលជាង២សប្តាហ៍កន្លងមក។
លោក Oleg Ustenko ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃទី១១ខែមីនាបានប្រកាសថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យក្រុមហ៊ុននៅក្នុងប្រទេសអ៊ុយក្រែនត្រូវបិទទ្វារទាំងស្រុង។ ចំណែកតំបន់ខ្លះដំណើរការក្នុងកម្រិតទាបបំផុត ។
លោក Volodymyr Zelensky បានអំពាវានាវដល់បណ្តាប្រទេសសហគមន៍អន្តរជាតិក្នុងនោះមានសហគមន៍អឺរ៉ុបជាដើមត្រូវតែទប់ស្កាត់សង្គ្រាម ក៏ដូចជាទប់ស្កាត់វិស័យសេដ្ឋកិច្ចរុស្ស៊ី ក្នុងនោះក៏មានការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងផងដែរ ។ លោក Volodymyr Zelensky ក៏បានអបអរសាទរដល់អាមេរិកដែលបានដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងរបស់រុស្ស៊ី។
ក្នុងពេលនេះដែរ សហគមន៍អឺរ៉ុបបានថ្កោលទោសដល់ការឈឺចាប់របស់ពលរដ្ឋអ៊ុយក្រែនដែលបង្កឡើងដោយរុស្ស៊ី ។ ប៉ុន្តែសហគមន៍អឺរ៉ុបបានបដិសេធចូលរួមដាក់ទណ្ឌកម្មលើវិស័យថាមពលរបស់រុស្ស៊ី ក៏ដូចជាដាក់បញ្ចូលអ៊ុយក្រែនជាសមាជិកសហគមន៍អឺរ៉ុបនាពេលនេះឡើយ៕ ដោយ៖ ធីរីណា
រូបថត៖AFP