ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសរូបភាពស្តីពីការវាយប្រហារបំផ្លាញទីតាំងយោធានៅក្នុងប្រទេសអ៊ុយក្រែននៅជិតរដ្ឋធានីកៀវ ។ ជាមួយគ្នានេះដែរក្រសួងការពារជាតិរុស្ស៊ីក៏បានបង្ហាញរូបភាពស្តីពីរថយន្តរបស់កម្លាំងប្រដាប់អាវុធអ៊ុយក្រែនត្រូវមីស៊ីលនាំផ្លូវ Krasnopol វាយកម្ទេច។
គិតត្រឹមថ្ងៃទី១២ ខែមីនា អ្នកនាំពាក្យកម្លាំងទាហានរុស្សុីបានប្រកាសថា កម្លាំងទាហានរុស្សុីបានវាយប្រហារបំផ្លាញគោលដៅនៅក្នុងប្រទេសអ៊ុយក្រែនរហូតដល់ទៅ ៣.៤៩១ ហេដ្ឋារចនាសម្ព័ន្ធ ចាប់តាំងពីវាយប្រហារនៅថ្ងៃទី ២៤ខែកុម្ភៈ ឆ្នាំ ២០២២មក ។ ក្នុងចំណោមនោះមានយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន ១២៣គ្រឿង រថក្រោះ និងរថពាសដែក១.១២៧គ្រឿង។ ប្រព័ន្ធមីស៊ីល១១៥គ្រឿង កាំភ្លើងធំ៤២៣គ្រឿង រថយន្តយោធា៩៣៤គ្រឿង ។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមកកម្លាំងទាហានរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន៥គ្រឿង ក្នុងនោះមាន២គ្រឿងជាប្រភេទ Bayrakta TB-2។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ មន្ត្រីអ៊ុយក្រែននៅក្នុងទីក្រុងល្វីវ (LVIV) នៅថ្ងៃទី១៣ខែមីនា បានអះអាងថា រុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសលើ មូលដ្ឋានយោធាអ៊ុយក្រែនមួយកន្លែងក្នុងតំបន់Yavoriv ស្ថិតនៅក្បែរពំ្រដែនប្រទេសប៉ូឡូញដែលជាសមាជិក NATO។
បើតាមមន្ត្រីអ៊ុយក្រែនដដែលបានបញ្ជាក់ថា ភ្លាមៗនោះមិនទាន់មានសេចក្ដីរាយការណ៍ពីចំនួនអ្នកស្លាប់នោះទេ ប៉ុន្តែមនុស្សជាច្រើននាក់ត្រូវបានគេជឿជាក់ថាបានរងរបួស។ មូលដ្ឋានយោធាក្នុងតំបន់ Yavoriv គឺជាទីតាំងបណ្ដុះបណ្ដាលយោធាមួយដ៏ធំ ស្ថិតនៅប៉ែកខាងលិចប្រទេសអ៊ុយក្រែន ហើយជាធម្មតាមូលដ្ឋាននេះជាកន្លែងធ្វើសមយុទ្ធរួមគ្នាជាមួយអង្គការ NATO និងស្ថិតនៅចម្ងាយប្រហែលជា២៥ គីឡូម៉ែត្រពីព្រំដែននៃប្រទេសប៉ូឡូញ។
ជុំវិញការចោទប្រកាន់នេះដែរ, រុស្ស៊ីមិនទាន់បញ្ចេញប្រតិកម្មអ្វីទេ ប៉ុន្តែកាលពីថ្ងៃសៅរ៍ម្សិលមិញ ទីក្រុងមូស្គូបានព្រមានថា ខ្លួនអាចនឹងបើកការវាយប្រហារលើក្បួនដឹកអាវុធរបស់លោកខាងលិចទៅឱ្យអ៊ុយក្រែន ខណៈប៉ូឡូញត្រូវបានគេមើលឃើញថាជាច្រកយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការដឹកជញ្ជូនអាវុធ៕ ដោយ៖ធីរីណា
ប្រភពរូបថត៖Vietnamnet.vn