ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ធ្វើឱ្យតំបន់អាស៊ានមានពលរដ្ឋជិត៥លាននាក់បន្ថែមទៀតធ្លាក់ក្នុងភាពក្រីក្រ

ចែករំលែក៖

ដោយសារឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ-១៩ ធ្វើឱ្យតំបន់អាស៊ានមានពលរដ្ឋធ្លាក់ក្នុងភាពក្រីក្រ ៤,៧លាននាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០២១។
តួលេខខាងលើត្រូវបានប្រកាសដោយធនាគារអភិវឌ្ឍន៍អាសុី (ADB) នៅថ្ងៃទី១៦ខែមីនា ។ តាមសារព័ត៌មានរ៉យទ័រ ពលរដ្ឋដែលធ្លាក់ក្នុងភាពក្រីក្របំផុតបានបង្ហាញតាមរយៈប្រាក់ចំណូលតិចជាង ១,៩០ដុល្លារក្នុងមួយថ្ងៃៗសម្រាប់មនុស្សម្នាក់ៗ ។
តាមការប្រកាសរបស់ធនាគារ (ADB) សរុបពលរដ្ឋក្រីក្រ(ប្រាក់ចំណូលតិចជាង២ដុល្លារ) នៅក្នុងតំបន់អាស៊ាន មានរហូតដល់ទៅ២៤,៣លាននាក់ ស្មើនឹង៣,៧% ក្នុងចំណោមពលរដ្ឋសរុប ៦៥០លាននាក់នៅក្នុងតំបន់នេះ។ កាលពីមុនផ្ទុះកូវីដ-១៩ ចំនួនពលរដ្ឋក្រីក្របានថយចុះនៅសល់តែ១៤,៩ លាននាក់ប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៩ ។ ចំណែកកាលពីឆ្នាំ២០១៨ ចំនួនពលរដ្ឋក្រីក្រមានដល់ទៅ១៨លាននាក់ និងនៅឆ្នាំ២០១៧ មានពលរដ្ឋក្រីក្រ ២១,២លាននាក់។
អគ្គនាយកធនាគារ(ADB) លោក Masatsugu Asakawa បានប្រកាសថា «កូវីដ-១៩ បានធ្វើឱ្យពលរដ្ឋជាច្រើនបាត់បង់ការងារធ្វើ គ្របដណ្តប់ស្ទើរពេញតំបន់អាស៊ាន ធ្វើឱ្យភាពក្រីក្រកើនឡើងខ្ពស់»។ ចំណុចទាំងនោះបានធ្វើឱ្យការខិតខំប្រយុទ្ធប្រឆាំងភាពក្រីក្រនៅក្នុងតំបន់មានការបរាជ័យ ។
តាមការប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅក្នុងឆ្នាំ២០២១ មានពលរដ្ឋដល់ទៅ ៩,៣លាននាក់ បាត់បង់ការងារធ្វើដោយសារតែកូវីដ -១៩។
ចំណែកកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានមានត្រឹមតែ៣%ប៉ុណ្ណោះ។ ជាមួយគ្នានេះការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២ គឺមាន៥,១% ប៉ុន្តែការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីអូមីក្រុងបានធ្វើឱ្យតំបន់នេះប្រឈមនឹងផលលំបាកកាន់តែខ្លាំង ជាមួយនឹងការជះឥទ្ធិពលពីសង្គ្រាមរុស្ស៊ី- អ៊ុយក្រែន៕

ដោយ៖ ធីរីណា(រូបថត៖Reuters )


ចែករំលែក៖