ព័ត៌មានទាន់ហេតុការណ៍៖

ការលក់រាយប្រេងឥន្ធនៈរបស់កម្ពុជា កើនឡើងតម្លៃ ៥.៣០០រៀល ក្នុងមួយលីត្រ

ចែករំលែក៖

ភ្នំពេញ៖​ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៦ ដល់៣១ ខែមីនា ឆ្នាំ២០២២នេះ តម្លៃលក់រាយ ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បានហក់ឡើងក្នុងតម្លៃដូចគ្នា គឺ៥ .៣០០រៀល ក្នុង១លីត្រ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តនៅកម្ពុជាពីថ្ងៃទី១៦ ដល់៣១ ខែមីនា ឆ្នាំ២០២២នេះ សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រូវដាក់លក់ក្នុងតម្លៃដូចគ្នា គឺ ៥ ៣០០រៀល នៅក្នុង១លីត្រ ខណៈដែល២សប្តាហ៍កន្លងទៅ (ពីថ្ងៃទី០១ ដល់១៥មីនា) សម្រាប់ប្រេងសាំងធម្មតាថ្លៃ ៤ ៨០០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៤ ៥០០រៀល ក្នុង១លីត្រ។

សូមបញ្ជាក់ជូនថា កាលពីកន្លងទៅថ្មីៗនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា តម្លៃប្រេងឥន្ធនៈមានការប្រែប្រួលឡើងចុះលឿនណាស់ ជាពិសេសខណៈបញ្ហាសង្រ្គាម រវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី និងបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចប្រទេសរុស្ស៊ីទៅកន្លែងផ្សេងៗ ក៏បានជះឥទ្ធិពលខ្លះដែរទៅដល់ការប្រែប្រួលតម្លៃប្រេងឥន្ធនៈ។ ជុំវិញបញ្ហានេះ លោកបញ្ជាក់ទៀតថា នៅថ្ងៃខាងមុខនេះ ក្រសួងនឹងផ្លាស់ប្តូរសេចក្តីជូនដំណឹងពីរយៈពេល ១៥ថ្ងៃ មកត្រឹម ១០ថ្ងៃវិញម្តង ដើម្បីកំណត់ថ្លៃនៃការប្រែប្រួលតម្លៃប្រេងឥន្ធនៈឲ្យទាន់នៃការឡើងចុះ៕

ដោយ៖ស​ តារា


ចែករំលែក៖