ព័ត៌មានទាន់ហេតុការណ៍៖

នៅមុនជំនួបពិភាក្សាតាមទូរស័ព្ទ អាមេរិកបានព្រមានចិនមិនត្រូវគាំទ្រសង្គ្រាមឈ្លានពានឡើយ

ចែករំលែក៖

តាមគម្រោងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងប្រធានាធិបតីចិនលោកស៊ី ជិនពីង នឹងជួបពិភាក្សាគ្នាតាមទូរស័ព្ទនៅយប់ថ្ងៃទី១៨ ខែមីនា ។ មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាផ្តោតសំខាន់ទៅលើបញ្ហាពិភពលោកដែលប្រទេសទាំងពីរយកចិត្តទុកដាក់។
នៅមុនជំនួបពិភាក្សាជាន់ខ្ពស់ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃទី១៧ខែមីនា បានបង្ហាញពីក្តីបារម្ភខ្លាចចិនផ្តល់ជំនួយយោធាដល់រុស្ស៊ី ។ លោក Antony Blinkenក៏បានព្រមានថានឹងដាក់ទណ្ឌកម្មចិនប្រសិនបើជួយដល់រុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃទី១៧ខែមីនា (ពេលវេលានៅវ៉ាស៊ីនតោន) សេតវិមានបានឱ្យដឹងទៀតថាកិច្ចពិភាក្សារវាងលោក បៃដិន នឹងលោក ស៊ី ជិនពីង គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរក្សាទំនាក់ទំនងតាមទូរស័ព្ទរវាងសហរដ្ឋអាមេរិក នឹងសាធារណរដ្ឋប្រជាមានិតចិន ហើយវានឹងក្លាយជាកិច្ចសន្ទនាដំបូងបំផុតរវាងមេដឹកនាំទាំង២ ចាប់តាំងពីបានជួបគ្នាតាមប្រព័ន្ធវីដេអូកាលពីខែវិច្ឆិកា ឆ្នាំ២០២១មក។
បើតាមសេតវិមាន លោក បៃដិន និងលោក ស៊ី ជិនពីង នឹងពិភាក្សាគ្នាលើប្រធានបទមួយចំនួនរួមមានការគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំង២ រួមទាំងសង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងកង្វល់រួមនៃប្រទេសទាំង២។
សេចក្ដីរាយការណ៍ពីកិច្ចពិភាក្សារវាងលោក បៃដិន នឹងលោក ស៊ី ជិងពីង កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានចិនកុំឱ្យផ្ដល់ជំនួយ ឬជួយរុស្ស៊ីនៅក្នុងសង្រ្គាមអ៊ុយក្រែន ក្រោយពីមានព័ត៌មានថារុស្ស៊ីបានស្នើសុំជំនួយពីចិន ហើយមិនតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោនក៏បានជំរុញឱ្យចិន ថ្កោលទោសរុស្ស៊ីផងដែរ៕

ដោយ៖ ធីរីណា(រូបថត៖AP)


ចែករំលែក៖