ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីប្រកាសថា មានកម្លាំងគ្រប់គ្រាន់ដើម្បីបញ្ជូនគូប្រជែងលោកខាងលិចមកឈរឱ្យចំតួនាទីនិងតំណែងរបស់ខ្លួន

ចែករំលែក៖

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្រោយពេលដោះស្រាយបញ្ហា បំណុល មូលបត្ររួចរាល់ រុស្ស៊ីបានព្រមានដល់អាមេរិក និងគូប្រជែងនៅប្រទេសលោកខាងលិចថា ទីក្រុងមូស្គូមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបញ្ជូនប្រទេសមហាអំណាចពិភពលោកឱ្យទៅឈរចំទីតាំងរបស់ខ្លួន ប្រសិនបើបន្តបង្កផលលំបាកដល់រុស្ស៊ីនោះ។
នៅលើបណ្តាញសង្គម Telegram អនុប្រធានគណៈកម្មាធិការសន្តិសុខជាតិរុស្ស៊ីលោក Dmitry Medvedev នៅថ្ងៃទី១៧ខែមីនា បានបញ្ជាក់ថា លោកខាងលិចបានស្អប់និងមានបំណងបំបែកបំបាក់រុស្ស៊ី។ លោកបន្តទៀតថា ប្រទេសលោកខាងលិចមានតម្រូវការបង្ខំឱ្យរុស្ស៊ីឈានដល់ផ្លូវទាល់ ប្រទេសទាំងនោះនឹងត្រូវបំផ្លាញ «ហែកចេញជាច្រើនបំណែក»។ រុស្ស៊ីនឹងបញ្ជូនប្រទេសទាំងនោះឱ្យឈរនៅចំកន្លែងរបស់ខ្លួនវិញ។
ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានបន្ទោសអង្គការណាតូសម្រាប់ការចូលរួមចំណែកបង្កឱ្យមានសង្រ្គាមអ៊ុយក្រែន តាមរយៈការព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនទៅភាគខាងកើតព្រំដែននៃមាត់ទ្វារផ្ទះរបស់រុស្ស៊ី។
លោក រ៉ាម៉ាហ្វូសា បានប្រាប់សមាជិកសភាអាហ្វ្រិកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដូច្នេះថា «សង្រ្គាមអាចនឹងមិនកើតឡើងនោះទេ ប្រសិនបើណាតូស្តាប់ការព្រមានពីមេដឹកនាំនៃប្រទេសជាសមាជិក និងមន្រ្តីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះថា ការពង្រីកឥទ្ធិពលទៅកាន់ភាគខាងកើតនឹងនាំឱ្យមានអស្ថិរភាពក្នុងតំបន់កាន់តែខ្លាំង»។
លោកបន្ថែមថា «វាជារឿងសំខាន់ក្នុងការយល់ដឹងអំពីមូលហេតុនៃវិបត្តិនេះ ប៉ុន្តែមិនមែនបានន័យថា យើងយល់ស្របចំពោះការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែននោះទេ។ យើងមិនអាចលើកលែងទោសចំពោះការប្រើកម្លាំង ឬការរំលោភច្បាប់អន្តរជាតិបានឡើយ»។
បន្ទាប់ពីបញ្ចប់សង្រ្គាមត្រជាក់នៅឆ្នាំ១៩៩១, ណាតូត្រូវបានរុស្ស៊ីចោទប្រកាន់ថាបានពង្រីកសម្ពន្ធភាព ដោយបញ្ចូលបន្ថែមអតីតប្រទេសនៅក្នុងកាតិកាសញ្ញាវ៉ាសូវី «Warsaw» និងអតីតសាធារណរដ្ឋសហភាពសូវៀត ទៅជាសមាជិករបស់ខ្លួន ដោយចាប់ផ្តើមពីប៉ូឡូញ ហើយក្រោយមក ទើបអ៊ុយក្រែន និងហ្ស៊កហ្ស៊ី បានស្នើសុំដើម្បីចូលរួមជាមួយប្លុកនេះ តែមិនទាន់អាចចូលបាននៅឡើយ៕ ដោយ៖ ធីរីណា

រូបថត៖ninh Nga


ចែករំលែក៖