ព័ត៌មានទាន់ហេតុការណ៍៖

នៅកម្ពុជាបានបើកយុទ្ធនាការសំអាតទន្លេមេគង្គ, ទន្លេសាបនិងទន្លេបាសាក់ចាប់ផ្ដើមពីថ្ងៃទី ១៨ខែមីនាតទៅមានរយៈពេល៣ខែ

ចែករំលែក៖

.   ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ នេះរដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រសួងទេស ចរណ៍ចាប់ផ្ដើមបើកយុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ការសំអាតទន្លេទាំងនេះដោយចាប់ផ្ដើមពីពេលនេះរហូតដល់ខែមិថុនា។

អាចនិយាយបានថាជារឿងប្លែកភ្នែក ប្លែកត្រចៀកអំពីការសំអាតទន្លេដោយប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាទំនើបមកពីប្រទេសអាល្លឺម៉ង់ ដែលមានសមត្ថភាពប្រមូលសំរាមក្នុងទឹកបានប្រមាណ ២០តោនក្នុង១ថ្ងៃ និងមានកម្លាំងស្ម័គ្រចិត្តជាច្រើនរូបទៀត ដើរប្រមូលសំរាមតាមច្រាំងទន្លេផងដែរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ដែលបានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវប្រជាពលរដ្ឋនៅលំនៅដ្ឋានតាមដងទន្លេទាំងអស់ និង​អ្នកអាស្រ័យ​ផលតាមទឹកទន្លេ ស្ទឹង បឹងបួរនានាទៀត រួមគ្នាបញ្ឈប់ការចោលសំរាម​ឥត​សណ្ដាប់ធ្នាប់​ចូល​ក្នុងទន្លេ និងច្រាំងទន្លេ ​រួមគ្នាថែរក្សាបរិស្ថានធម្មជាតិ ​ទាំងអស់គ្នា ដើម្បី​បាននូវភាពស្អាត ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនា ​និងរួមគ្នាធ្វើអោយកម្ពុជាស្អាត ឆ្ពោះទៅកាន់កម្ពុជា ​ធ្វើជាម្ចាស់ផ្ទះរៀបចំកីឡា​ SEAGAME ឆ្នាំ២០២៣នេះ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញដែលបានចូលរួមក្នុងយុទ្ធនាការនេះ បានថ្លែងថា ​យុទ្ធនាការសម្អាតទន្លេទន្លេមេគង្គ ទន្លេសាប ​និងទន្លេបាសាក់នេះ ក្រុមហ៊ុន ​និងអង្គការសង្គមស៊ីវិលដែល​ជាប្រតិបត្តិករសកម្មភាព​ក្នុងយុទ្ធនាការនេះ ​ក៏នឹងប្រមូលទិញសំរាមពីបងប្អូនប្រជាពលរដ្ឋផងដែរ ដើម្បីយក​ទៅកែច្នៃ​ ។ ដោយឡែក សម្រាប់ពលរដ្ឋណាធ្វើសកម្មភាពចោល​សំរាមពាស​វាលពាលកាល​ឥតសណ្តាប់ធ្នាប់​ អាជ្ញាធរនឹងអនុវត្តច្បាប់​ ដូចជាការផាកពិន័យជាប្រាក់ ទៅតាមទោស​កំហុស​ដែលពលរដ្ឋប្រព្រឹត្ត។

សូមបញ្ជាក់ថា យុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់នេះ នឹងប្រើប្រាស់ពេល​ពេល​ប្រមូលសំរាមពីក្នុងទន្លេ​ និងតាមច្រាំងទន្លេជាង ៣ខែដោយគិតចាប់ពីថ្ងៃទីខែមីនា ដល់ខែមិថុនា ​ឆ្នាំ២០២២ ​ដោយមានអ្នកស្ម័គ្រចិត្តមកពីក្រសួងទេសចរណ៍​ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ ​អង្គការ River Ocean Cleanup ​និង Everwave។

បើតាមលោក Clemens Nepomuk Feigl ស្ថាបនិកក្រុមហ៊ុន ​everwave ​ បានថ្លែងថា នៅ​ក្នុង​យុទ្ធនាការ​នេះ ក្រុមហ៊ុន ​នឹងផ្តល់ទូកបច្ចេកវិទ្យាទំនើប​ប្រមូលសំរាមនេះបន្ថែមទៀត ប្រសិន​បើក្រុមអ្នក​សម្អាត​ទន្លេមានត្រូវការចំបាច់ ​ខណៈទូកប្រមូលសំរាមបំពាក់បច្ចេក វិទ្យាថ្មីរបស់អាល្លឺម៉ង់ មានឈ្មោះថា «Moringa by Landmarken» ​មានសមត្ថភាពអាចប្រមូលទិន្នន័យទីតាំងដែលមានសំរាមបានរហ័ស តាមរយៈដ្រូន ​និងកាម៉េរ៉ា​ និងមាន​សមត្ថភាពប្រមូលសំរាមក្នុងទឹក៕

ដោយ៖ សូរិយា


ចែករំលែក៖