. ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ នេះរដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រសួងទេស ចរណ៍ចាប់ផ្ដើមបើកយុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ការសំអាតទន្លេទាំងនេះដោយចាប់ផ្ដើមពីពេលនេះរហូតដល់ខែមិថុនា។
អាចនិយាយបានថាជារឿងប្លែកភ្នែក ប្លែកត្រចៀកអំពីការសំអាតទន្លេដោយប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាទំនើបមកពីប្រទេសអាល្លឺម៉ង់ ដែលមានសមត្ថភាពប្រមូលសំរាមក្នុងទឹកបានប្រមាណ ២០តោនក្នុង១ថ្ងៃ និងមានកម្លាំងស្ម័គ្រចិត្តជាច្រើនរូបទៀត ដើរប្រមូលសំរាមតាមច្រាំងទន្លេផងដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ដែលបានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវប្រជាពលរដ្ឋនៅលំនៅដ្ឋានតាមដងទន្លេទាំងអស់ និងអ្នកអាស្រ័យផលតាមទឹកទន្លេ ស្ទឹង បឹងបួរនានាទៀត រួមគ្នាបញ្ឈប់ការចោលសំរាមឥតសណ្ដាប់ធ្នាប់ចូលក្នុងទន្លេ និងច្រាំងទន្លេ រួមគ្នាថែរក្សាបរិស្ថានធម្មជាតិ ទាំងអស់គ្នា ដើម្បីបាននូវភាពស្អាត ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនា និងរួមគ្នាធ្វើអោយកម្ពុជាស្អាត ឆ្ពោះទៅកាន់កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកីឡា SEAGAME ឆ្នាំ២០២៣នេះ។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញដែលបានចូលរួមក្នុងយុទ្ធនាការនេះ បានថ្លែងថា យុទ្ធនាការសម្អាតទន្លេទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់នេះ ក្រុមហ៊ុន និងអង្គការសង្គមស៊ីវិលដែលជាប្រតិបត្តិករសកម្មភាពក្នុងយុទ្ធនាការនេះ ក៏នឹងប្រមូលទិញសំរាមពីបងប្អូនប្រជាពលរដ្ឋផងដែរ ដើម្បីយកទៅកែច្នៃ ។ ដោយឡែក សម្រាប់ពលរដ្ឋណាធ្វើសកម្មភាពចោលសំរាមពាសវាលពាលកាលឥតសណ្តាប់ធ្នាប់ អាជ្ញាធរនឹងអនុវត្តច្បាប់ ដូចជាការផាកពិន័យជាប្រាក់ ទៅតាមទោសកំហុសដែលពលរដ្ឋប្រព្រឹត្ត។
សូមបញ្ជាក់ថា យុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់នេះ នឹងប្រើប្រាស់ពេលពេលប្រមូលសំរាមពីក្នុងទន្លេ និងតាមច្រាំងទន្លេជាង ៣ខែដោយគិតចាប់ពីថ្ងៃទីខែមីនា ដល់ខែមិថុនា ឆ្នាំ២០២២ ដោយមានអ្នកស្ម័គ្រចិត្តមកពីក្រសួងទេសចរណ៍ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ អង្គការ River Ocean Cleanup និង Everwave។
បើតាមលោក Clemens Nepomuk Feigl ស្ថាបនិកក្រុមហ៊ុន everwave បានថ្លែងថា នៅក្នុងយុទ្ធនាការនេះ ក្រុមហ៊ុន នឹងផ្តល់ទូកបច្ចេកវិទ្យាទំនើបប្រមូលសំរាមនេះបន្ថែមទៀត ប្រសិនបើក្រុមអ្នកសម្អាតទន្លេមានត្រូវការចំបាច់ ខណៈទូកប្រមូលសំរាមបំពាក់បច្ចេក វិទ្យាថ្មីរបស់អាល្លឺម៉ង់ មានឈ្មោះថា «Moringa by Landmarken» មានសមត្ថភាពអាចប្រមូលទិន្នន័យទីតាំងដែលមានសំរាមបានរហ័ស តាមរយៈដ្រូន និងកាម៉េរ៉ា និងមានសមត្ថភាពប្រមូលសំរាមក្នុងទឹក៕
ដោយ៖ សូរិយា