ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ៖ សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់យើងទាំងអស់គ្នា

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២១ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២២ របស់កងពលតូចថ្មើរជើងលេខ៥៣។

អញ្ជើញចូលរួមអមដំណើរមាន មេបញ្ជាការរង នាយសេនាធិការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី៣ មេបញ្ជាការ មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥២ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ និងប្រតិភូអមដំណើរបណ្ដាការិយាល័យ អង្គភាពព្រមទាំងភ្ញៀវកិត្តិយស ។

ក្នុងឱកាសបូកសរុប លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានធ្វើការកោតសរសើរដល់កម្លាំងកងពលតូចថ្មើរជើងលេខ៥៣ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន និងការចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ រហូតមានការសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ អង្គភាពបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់និងការពារជំងឺកូវីដ-១៩។

 ដោយឈរលើផែនការការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់យោធភូមិភាគទី៥ ធ្វើឱ្យកងពលតូចថ្មើរជើងលេខ៥៣ ធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ហើយបានបញ្ជូនកម្លាំងចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់  ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលផ្ទះ​ ជួយច្រូតស្រូវជូនប្រជាពលរដ្ឋ​ ទប់ស្កាត់ពលករ។ល។

លោក ឧត្តមសេនីយ៍ឯក ក៏បានធ្វើការផ្តាំផ្ញើកងទ័ពក្នុងកងពលតូចថ្មើរជើងលេខ៥៣ ឱ្យបង្កើនការផ្សព្វផ្សាយនិងអនុវត្តឲ្យបានជាដាច់ខាតនូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់ សម្ដេចតេជោ ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរាលដាលចូលក្នុងសហគមន៍ក៏ដូចជាភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានការបំពាក់ឋានន្តរសក្តិ ការប្រកាសផ្លាស់ប្ដូមុខងារ និង បំពាក់មេដាយកិត្តិយស ជូនដល់នាយទាហាន ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងប្រគល់អំណោយរបស់លោក វរសេនីយ៍ត្រី​ ប៊ុន​ វឌ្ឍនៈ​ ប្រធានក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ ច្រកទ្វាអន្តរជាតិ​គីឡូ​១៣​ ស្រុកសំពៅលូន​ ឧបត្ថម្ភ​ រថយន្ត​ ចំនួន​ ២គ្រឿង​ មួយគ្រឿងជូនដល់​កងពលតូចថ្មេីរជេីងលេខ​៥៣​ និង១គ្រឿង​ទៀត ជូនដល់​​វរសេនាតូច​លេខ​៥៣៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានឧបត្ថម្ភក្នុងកម្មវិធីចំនួន ២.០០០.០០០រៀលផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖