ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យឆក់យកកាបូបក្មេងប្រុសម្នាក់ ទើបលក់អេតចាយបានលុយ១០ម៉ឺនរៀលបានសម្រេច តែត្រូវប្រជាពលរដ្ឋដេញចាប់បាន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់យកកាបូបពីក្មេងប្រុសម្នាក់ដែលទើបលក់អេតចាយបានលុយ១០ម៉ឺនរៀលបានសម្រេចហើយខំប្រឹងរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នាដេញចាប់បានរួចប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្ញេីលកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយខាងលិច តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

   ជនសង្ស័យមានឈ្មោះ ធី សាន ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ចំណែកជនរងគ្រោះមានឈ្មោះចែង គឹងហ៊ាង ភេទប្រុស អាយុ១១ឆ្នាំ ស្នាក់នៅម្តុំផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

    តាមការរៀបរាប់ពីក្មេងប្រុសដែលជាជនរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថាមុនកើតហេតុរូបគេបានទៅលក់អេតចាយបានលុយចំនួន១០ម៉ឺនរៀល ហើយដាក់លុយក្នុងកាបូបដើរស្ពាយក្នុងទិសដៅពីកើតទៅលិច  លុះមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យម្នាក់ដើរមកតាមក្រោយហើយបានធ្វើសកម្មភាពឆក់យកកាបូបពីរូបគេដែលកំពុងស្ពាយជាប់ស្មាបានសម្រេច រួចហើយបានរត់គេចខ្លួន ខណៈដែលរូបគេបានស្រែកចោរៗផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវក៏នាំគ្នាដេញចាប់ជនសង្ស័យបានភ្លាមៗរួចទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកយកទៅសាកសួរនិងចាត់ការតាមច្បាប់។

    បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាធ្វើការសួរនាំបន្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។  ចំណែកជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងផងដែរ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖