ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ស្រុក​បរិបូរណ៍​ ចុះ​រុះ​រើបែត្រីដែលពលរដ្ឋលួច​សាងសង់​ដោយខុសច្បាប់​

ចែករំលែក៖

ខេ​ត្ត​កំពង់ឆ្នាំ​ង៖ កម្លាំ​ង​គណៈបញ្ជាការឯកភាពរដ្ឋបាល​ស្រុក​បរិបូរណ៍​ ​និង​អាជ្ញា​ធរ​ឃុំ​ឆ្នូ​ក​ទ្រូ នៅព្រឹកថ្ងៃអង្គារទី​២២​ ខែមីនា​ ឆ្នាំ​២០២២នេះ​បានចុះ​រុះរើ​​ដំបូល​ប្រក់លើ​បែ​ត្រី​របស់ប្រជាពលរដ្ឋដែលលួចបន្លំ​សាងសង់​ឱ្យ​មនុស្ស​រស់នៅ​លើ​ផ្ទៃ​ទឹក ប្រឆាំង​នឹ​ង​​​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង។ នេះបើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក ផល សុភាព អភិបាលរងស្រុក​បរិបូរណ៍។ 

   អភិបាលរងស្រុក​បរិបូរណ៍រូបនេះ​ បានឱ្យដឹងទៀតថា​ ក្នុង​ប្រតិបត្តិការខាងលើនេះ​គឺទទួល​បាន​បទបញ្ជា​ពី​លោក ស៊ុន សុ​វណ្ណា​រិទ្ឋិ អភិបាលខេត្ត​កំពង់ឆ្នាំង បន្ទាប់ពី​​មាន​អ្នក​លួចចូល​ទៅ​រស់នៅ​លើ​ផ្ទៃ​ទឹក ទេីប​លោកដឹកនាំកម្លាំងសមត្ថកិច្ច​ចម្រុះដែល​មាន​ប្រមាណ​ជាង២០នាក់រួម​ទាំង​អាជ្ញាធរ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ចុះ​ធ្វើការ​ណែនាំ​ឱ្យ​ម្ចាស់​បែ​ត្រីរុះ​លើដំបូល​ចេញដោយខ្លួនឯង​ ​ខណៈដែលពលរដ្ឋមួយចំនួនបាន​សាងសង់បន្លំ​រស់នៅ​ជាមួយ​បែ​ត្រីដោយខ្លួនឯង​ និង​កន្លែ​ង​ខ្លះសមត្ថ​កិច្ចជួយ​រុះរើ​ផងដែរ។

    អភិបាលរងស្រុក​រូបនេះ​បានបន្តទៀតថា​ ម្ចាស់​បែ​ត្រី​ដែល​បន្លំ​ប្រក់​ដំបូល ​និង​លួច​រស់នៅ​បែបនេះ គឺ​បាន​ប្រឆាំង​នឹង​អនុសាសន៍របស់​អាជ្ញាធរ​ខេត្ត​ដែល​តម្រូវ​ឱ្យ​អ្នក​រស់នៅ​លើ​ផ្ទៃ​ទឹក​ទាំងអស់​ឡើង​ទៅ​រស់នៅ​លើ​គោក។​ ចំណែក​ការ​អនុវត្ត​ជាក់ស្ដែង ​គឺ​បាន​រុះរើ​ដំ​បូល​បែ​ត្រី​ធំៗ ចំនួន៤កន្លែង ក្នុង​​មួ​យកន្លែង​មាន​ទំហំ​​ជាង៨០ម៉ែ​ត្រការ៉េ​ឡេីង​។ ​ជាមួយគ្នា​នោះ​ លោក​អភិបាលរងស្រុកក៏បាន​ណែនាំ​ហាម​ដាច់ខាត​មិន​ឱ្យ​មានការ​លួច​មក​រស់នៅ​លើ​ផ្ទៃ​ទឹក​ទៀត​ឡើយ ហើយ​បើ​ពុំ​ដូច្នោះទេ​នឹង​ត្រូវ​ទទួលទោស​ចំពោះមុ​ខ​ច្បាប់ ហើយចំពោះ​ផែនការ​នេះនឹង​ធ្វើ​បន្ត​ទៀត ព្រោះ​មិន​ទាន់​អស់​នៅឡើយ ។

    គួរជម្រាបថា​ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ កាលពីកន្លងទៅ​ថ្មីៗនេះ​បាន​ដាក់ចេញ​នូវ​ផែនការផ្លាស់ទី​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ឱ្យ​ឡើង​មក​រស់នៅ​លើគោក​វិញ ដែល​ក្នុង​នោះ​មាន​ស្រុក​កំពង់ត្រឡាច ស្រុក​ជល​គិរី​ ស្រុក​កំពង់​លែង ស្រុក​បរិបូរណ៍ និង​ជាពិសេសក្រុង​កំពង់ឆ្នាំង ហើយ​ប្រជាពលរដ្ឋ១០០% បាន​ឡើង​មក​រស់នៅ​លើគោកតាម​ការរៀបចំ​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែ​កន្លងទៅ​នៅតែ​មាន​ជន​ឆ្លៀតឱកាស​លួចចូល​ទៅ​រស់នៅ​លើទឹក​ដោយ​បន្លំ​ធ្វើជា​បែត្រី​នៅ​ពីក្រោម ប្រក់​ដំបូល​និង​រស់នៅ​ពីលើ ខណៈដែល​អាជ្ញាធរ​ខេត្ត​មិន​អ​នុញ្ញាតឱ្យនោះទេ៕​

ដោយ​៖សហការី​


ចែករំលែក៖