ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញចម្រុះ ចុះឆ្មក់ត្រួតពិនិត្យមើលភាពត្រឹមត្រូវនៃផ្លាកលេខសម្គាល់រថយន្ត តាមរយៈការស្កេន QR CODE នៅលើផ្លាកលេខ និងផ្ទៀងផ្ទាត់គល់បញ្ជីផ្លាកលេខ ក្នុងប្រព័ន្ធបច្ចេកវិទ្យាក្រសួង

ចែករំលែក៖

ភ្នំពេញ ៖ ចុះឆ្មក់ត្រួតពិនិត្យមើលភាពត្រឹមត្រូវនៃផ្លាកលេខសម្គាល់រថយន្ត តាមរយៈការស្កេន QR CODE នៅលើផ្លាកលេខ និងផ្ទៀងផ្ទាត់គល់បញ្ជីផ្លាកលេខ ក្នុងប្រព័ន្ធបច្ចេកវិទ្យាក្រសួង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដោយមានការចូលរួមពីអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងអង្គភាពចំណុះក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ថា,នៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារជំនាញរបស់ក្រសួង ចុះឆ្មក់ពិនិត្យរថយន្តនៅតាមផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក្រសួងមហាផ្ទៃ ក្រុមមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងក្រុមមន្ត្រីនគរបាលជំនាញពាក់ព័ន្ធផងដែរ។

ការចុះឆ្មក់ពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃផ្លាកលេខសម្គាល់រថយន្ត តាមរយៈការស្កេន QR CODE នៅលើផ្លាកលេខ និងវាយបញ្ចូលព័ត៌មានផ្លាកលេខយានយន្តទៅក្នុងកម្មវិធីដែលរៀបចំឡើងដោយក្រុមមន្ត្រីជំនាញបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយនឹងអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានគយ។ 

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ លោកទេសដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ ថា៖ លេខសម្គាល់រថយន្តទាំងអស់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនរួចហើយ ត្រូវបានចែករំលែក និងអនុញ្ញាតឱ្យអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រើប្រាស់ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យផ្លាកលេខរថយន្តក្លែងក្លាយ និងចូលរួមទប់ស្កាត់ការគេចវេសពីការបង់ពន្ធនាំចូល។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់ផងដែរអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះក្នុងការជួយត្រួតពិនិត្យ ទប់ស្កាត់ការក្លែងបន្លំផ្លាកលេខសម្គាល់រថយន្ត ជាពិសេសកាត់បន្ថយរថយន្តផ្លាកលេខក្លែងក្លាយដែលប្រើក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានសំណូមពរដល់សាធារណៈជនឱ្យចូលរួមគោរព ច្បាប់ឱ្យបានខ្ជាប់ខ្ជួន បំពាក់ផ្លាកលេខសម្គាល់យានយន្តឱ្យបានត្រឹមត្រូវ បង់ពន្ធនាំចូលជូនរដ្ឋ និងកុំប្រើប្រាស់ផ្លាកលេខក្លែងក្លាយដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិរបស់យើង៕

ដោយ ៖ សិលា


ចែករំលែក៖