ខេត្តកំពង់ឆ្នាំង៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូរណ៍ និងអាជ្ញាធរឃុំឆ្នូកទ្រូ នៅព្រឹកថ្ងៃអង្គារទី២២ ខែមីនា ឆ្នាំ២០២២នេះបានចុះរុះរើដំបូលប្រក់លើបែត្រីរបស់ប្រជាពលរដ្ឋដែលលួចបន្លំសាងសង់ឱ្យមនុស្សរស់នៅលើផ្ទៃទឹក ប្រឆាំងនឹងរដ្ឋបាលខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមការបញ្ជាក់ពីលោក ផល សុភាព អភិបាលរងស្រុកបរិបូរណ៍។
អភិបាលរងស្រុកបរិបូរណ៍រូបនេះ បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការខាងលើនេះគឺទទួលបានបទបញ្ជាពីលោក ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានអ្នកលួចចូលទៅរស់នៅលើផ្ទៃទឹក ទេីបលោកដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះដែលមានប្រមាណជាង២០នាក់រួមទាំងអាជ្ញាធរភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ចុះធ្វើការណែនាំឱ្យម្ចាស់បែត្រីរុះលើដំបូលចេញដោយខ្លួនឯង ខណៈដែលពលរដ្ឋមួយចំនួនបានសាងសង់បន្លំរស់នៅជាមួយបែត្រីដោយខ្លួនឯង និងកន្លែងខ្លះសមត្ថកិច្ចជួយរុះរើផងដែរ។
អភិបាលរងស្រុករូបនេះបានបន្តទៀតថា ម្ចាស់បែត្រីដែលបន្លំប្រក់ដំបូល និងលួចរស់នៅបែបនេះ គឺបានប្រឆាំងនឹងអនុសាសន៍របស់អាជ្ញាធរខេត្តដែលតម្រូវឱ្យអ្នករស់នៅលើផ្ទៃទឹកទាំងអស់ឡើងទៅរស់នៅលើគោក។ ចំណែកការអនុវត្តជាក់ស្ដែង គឺបានរុះរើដំបូលបែត្រីធំៗ ចំនួន៤កន្លែង ក្នុងមួយកន្លែងមានទំហំជាង៨០ម៉ែត្រការ៉េឡេីង។ ជាមួយគ្នានោះ លោកអភិបាលរងស្រុកក៏បានណែនាំហាមដាច់ខាតមិនឱ្យមានការលួចមករស់នៅលើផ្ទៃទឹកទៀតឡើយ ហើយបើពុំដូច្នោះទេនឹងត្រូវទទួលទោសចំពោះមុខច្បាប់ ហើយចំពោះផែនការនេះនឹងធ្វើបន្តទៀត ព្រោះមិនទាន់អស់នៅឡើយ ។
គួរជម្រាបថា រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីកន្លងទៅថ្មីៗនេះបានដាក់ចេញនូវផែនការផ្លាស់ទីប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក ឱ្យឡើងមករស់នៅលើគោកវិញ ដែលក្នុងនោះមានស្រុកកំពង់ត្រឡាច ស្រុកជលគិរី ស្រុកកំពង់លែង ស្រុកបរិបូរណ៍ និងជាពិសេសក្រុងកំពង់ឆ្នាំង ហើយប្រជាពលរដ្ឋ១០០% បានឡើងមករស់នៅលើគោកតាមការរៀបចំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែកន្លងទៅនៅតែមានជនឆ្លៀតឱកាសលួចចូលទៅរស់នៅលើទឹកដោយបន្លំធ្វើជាបែត្រីនៅពីក្រោម ប្រក់ដំបូលនិងរស់នៅពីលើ ខណៈដែលអាជ្ញាធរខេត្តមិនអនុញ្ញាតឱ្យនោះទេ៕
ដោយ៖សហការី