ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញចាត់ឱ្យមន្ដ្រីជំនាញចុះជួសជុលជង្ហុកសំបុកមាន់តាមបណ្ដោយវិថីកម្ពុជាក្រោមមុនរដូវវស្សាចូលមកដល់

ចែករំលែក៖

       ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់ជាប្រចាំពីបញ្ហា ការខូចខាតផ្លូវ ជង្ហុកសំបុកមាន់ ការកកស្ទះចរាចរណ៍និងរៀបចំសណ្ដាប់ធ្នាប់ អនាម័យសាធារណៈនៅតាមបណ្ដាមហាវិថីនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកសោភណភាពទីក្រុងភ្នំពេញទាំងមូលផងដែរ។

    ជាក់ស្ដែង មន្ទីរសាធារណការរាជធានីភ្នំពេញ បានចុះជួសជុលផ្លូវមានលក្ខណៈខូចបន្តិចបន្តួច ជាជង្ហុកសំបុកមាន់តាមបណ្ដោយវិថីកម្ពុជា អមសងខាងផ្លូវ ចាប់ពីផ្សារធំថ្មីរហូតដល់ចំណុចស្ពានអាកាស៧ មករា ស្ថិតក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌទួលគោក រាជធានីភ្នំពេញ។

    សូមបញ្ជាក់ថា៖  កន្លងមកតាមបណ្ដោយវិថីកម្ពុជាក្រោម អមសងខាងផ្លូវ មានការខូចខាតកើតជាជង្ហុកតូចៗជាច្រើនធ្វើឱ្យបងប្អូនប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរ ជាពិសេសពេលមានភ្លៀងធ្លាក់ធ្វើឲ្យមានដក់ទឹក អ្នកធ្វើដំណើរដោយមធ្យោបាយម៉ូតូពេលខ្លះធ្លាក់ចូលជង្ហុក ខ្ទាតទឹកប្រឡាក់ក៏មានដែរ។ ដូច្នេះហើយដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឱ្យមន្រ្តីជំនាញចុះជួសជុលជង្ហុកតូចៗ ជាច្រើនតាមបណ្ដោយវិថីកម្ពុជាក្រោមនេះឱ្យមានសភាពល្អប្រសើរឡើងវិញ៕

ដោយ ៖  សំរិត


ចែករំលែក៖