ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅរសៀលថ្ងៃពុធទី២៣ ខែមីនា ឆ្នាំ២០២២នេះថា៖ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់លើវិស័យប្រេងឥន្ធនៈ និងទប់ស្កាត់អំពើមិនសុចរិត នៅថ្ងៃទី២២ ខែមីនាម្សិលមិញនេះ មន្រ្តីជំនាញ ក.ប.ប. បន្តចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងដែលមិនមានអនុលោមភាពខណៈពេលមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ ចុះប្រតិបត្តិការត្រួតពិនិត្យដើម្បីរកភាពអនុលោមនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈផ្សេងៗគ្នា ក្នុងខេត្តទាំង ៣ខាងលើ។
គួរបញ្ជាក់ផងដែរថា ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដែលមន្រ្តីជំនាញបានត្រួតពិនិត្យសរុបចំនួន ១២ទីតាំង និងចាត់វិធានការតាមនីតិវិធីលើម្ចាស់ដេប៉ូដែលមិនមានអនុលោមភាពផងដែរ។
ជាមួយគ្នានោះ ថ្ងៃដដែលនេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តស្វាយរៀង និងខេត្តតាកែវ បន្តការងាររបស់ខ្លួនក្នុងការត្រួតពិនិត្យទំនិញម្ហូបអាហារគ្រប់ប្រភេទនៅលើទីផ្សារនៅតាមឃ្លាំងស្ដុក ចែកចាយ ផ្ទះលក់ទំនិញ និងផ្សារជាដើម។ គោលបំណងគឺបន្តស្វែករកភាពមិនអនុលោមលើទំនិញដែលចរាចរនៅលើទីផ្សារ ហើយទំនិញមិនអនុលោមទាំងនោះហើយដែលបង្ករផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ជាពិសេសខាតបង់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់អំពើមិនស្មោះត្រង់ផងដែរ។
ក្នុងប្រតិបត្តិការនេះ ជាលទ្ធផលមន្រ្តីជំនាញ បានបញ្ជាក់ថា បានរកឃើញ និងដកហូតទំនិញមិនមានអនុលោមភាពចំនួន ៧៦.៨៤គីឡូក្រាមមកកម្ទេចចោល និងពិន័យទៅតាមនីតិវិធី៕
ដោយ៖សហការី