ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសចិនបំពេញទស្សនកិច្ចនៅឥណ្ឌា ក្រោយការប្រឈមមុខតានតឹងតាមព្រំដែន

ចែករំលែក៖

នៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២២ សារព័ត៌មាន SCMP បានផ្សាយថា រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី នឹងបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌានៅក្នុងសប្តាហ៍នេះ។ នេះជាដំណើរទស្សនកិច្ចជាន់ខ្ពស់ចាប់តាំងពីមានវិវាទបណ្តាលឱ្យទាហានប្រទេសទាំងពីរជាច្រើនស្លាប់នៅតំបន់ជួរភ្នំហេមពាន្ត (Himalaya)។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រៅពីបញ្ហាវិវាទតាមព្រំដែន មន្ត្រីការបរទេសប្រទេសទាំងពីរនឹងពិភាក្សាទៅលើបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ ។ ប្រទេសទាំងពីរគឺស្ថិតនៅកណ្តាល ហើយចិនក៏ដូចជាឥណ្ឌាដែរនៅតែបន្តទិញប្រេងពីរុស្ស៊ីដដែល។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា នៅពេលនេះ ទីក្រុងប៉េកាំងមិនទាន់មានព័ត៌មានអ្វី ជុំវិញការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសនោះឡើយ ។ ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យី ទៅកាន់ប្រទេសឥណ្ឌាគឺជាដំណើរទស្សនកិច្ចដំបូងរបស់មន្ត្រីជាន់ខ្ពស់ចិនចាប់តំាងពីខែឧសភាឆ្នាំ២០២០មក ក្នុងពេលទាហានប្រទេសទាំងពីរផ្ទុះហិង្សាដាក់គ្នានៅតាមព្រំដែនបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើន។
មេទ័ពប្រទេសទាំងពីរបានជួបពិភាក្សាគ្នា១៥លើកកន្លងមកហើយដើម្បីកាត់បន្ថយភាពតានតឹង។ ប្រទេសទាំងពីរក៏បានយល់ព្រមដកទាហានចេញពីទីតាំងដែលមានវិវាទនៅតំបន់ភ្នំហេមពាន្ត។
ពាក់ព័ន្ធនឹងស្ថានភាពសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ប្រទេសនៅក្នុងតំបន់អាស៊ី ក្នុងនោះមានឥណ្ឌា ចិន និងប្រទេសជាច្រើនទៀតបានរក្សាគោលជំហរកណ្តាល មិនគាំទ្រឬប្រឆាំងភាគីណាមួយនោះឡើយ។ ប្រមុខដឹកនាំឥណ្ឌាក៏ដូចជាចិនបានស្នើឲ្យរុស្ស៊ីនិងអ៊ុយក្រែនពិភាក្សាគ្នាស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម៕ ដោយ៖ ធីរីណា

រូបថត​ ៖ SCMP


ចែករំលែក៖