ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិកាណ៍កីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤សង្ឃឹមថានឹងលក់សំបុត្របាន១៣.៤លានសន្លឹក

ចែករំលែក៖

ថ្នាក់ដឹកនាំគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកអន្តរជាតិបាននិយាយថា អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤សង្ឃឹមថានឹងលក់សំបុត្រចំនួន១០លានសន្លឹកសម្រាប់ការប្រកួតកីឡាអូឡាំពិក ខណៈចំនួន៣.៤លានសំបុត្រសម្រាប់ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក។

ព្រឹត្តិកាណ៍កីឡាអូឡាំពិកទីក្រុងឡុងកាលពីឆ្នាំ២០១២បានដាក់លក់សំបុត្រតិចជាង៩លានសន្លឹក ហើយលក់បានប្រហែល៨.២លានសំបុត្រ ខណៈព្រឹត្តិកាណ៍កីឡាអូឡាំពិកទីក្រុង Atlanta កាលពីឆ្នាំ១៩៩៦លក់បានប្រហែល៨.៣លានសំបុត្រ ក្នុងចំណោម១១លានសំបុត្រ។

អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤បានឲ្យដឹងថា “យើងនឹងមានសំបុត្រចំនួន១៣.៤លានសន្លឹកសម្រាប់លក់។ ១០លានសម្រាប់កីឡាអូឡាំពិក និង៣.៤សំបុត្រសម្រាប់ប៉ារ៉ាឡាំពិក។ យើងជឿថា ព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤នឹងមានតែមួយគត់។ កម្មវិធីលក់សំបុត្រតំណាងឱ្យមួយភាគបីនៃប្រាក់ចំណូលរបស់យើង ដូច្នេះវាពិតជាមានសារសំខាន់សម្រាប់ពួកយើងក្នុងការបង្កើនកម្មវិធីនេះឱ្យបានអតិបរមា”។

អ្នករៀបចំកម្មវិធីបានបន្តថា “សំបុត្រថោកបំផុតសម្រាប់កីឡាអូឡាំពិកនឹងត្រូវចំណាយអស់២៤អឺរ៉ូ (២៦.៥៣ដុល្លារអាមេរិក) និង១៥អឺរ៉ូសម្រាប់កីឡាប៉ារ៉ាឡាំពិក។ យើងចង់មានកម្មវិធីលក់សំបុត្រដែលចាប់ផ្តើមពីសំបុត្រក្នុងតម្លៃ២៤អឺរ៉ូសម្រាប់កីឡាទាំងអស់ វានឹងតំណាងឱ្យជាង១លានសំបុត្រក្នុងតម្លៃនេះ។ នេះ​គឺ​ជា​ការ​សន្យា​ដ៏ជាក់លាក់​មួយ​ ដើម្បី​ផ្តល់​សិទ្ធិ​ចូល​លេង​កីឡា​អូឡាំពិក​ទាំង​អស់ ខណៈដែលសំបុត្រ​ពាក់​កណ្តាល​នឹង​មាន​តម្លៃ​ក្រោម៥០អឺរ៉ូ”។

បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន មានសំណួរថា តើការចុះឈ្មោះនឹងត្រូវបានរឹតបន្តឹងសម្រាប់ពលរដ្ឋរុស្ស៊ី ឬបេឡារូសឬទេ? អ្នករៀបចំបានបញ្ជាក់ថា “យើងនឹងពិភាក្សាវានៅក្នុងប៉ុន្មានខែខាងមុខនេះ ប៉ុន្តែយើងនៅតែមានពេលវេលាដើម្បីសម្រេចចិត្ត” ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖