ខេត្តព្រៃវែង ៖ ក្នុងនាមជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីសមិទ្ធផលនានាដែលសម្រេចបានក្រោមម្លប់សន្តិភាព ។
សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទ្ទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពពេញលេញ ដោយការលះបង់កម្លាំងកាយចិត្ត អាយុជីវិតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
«សន្តិភាពមានតម្លៃខ្លាំងបំផុត បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍឡើយ។ ដូច្នេះទោះក្នុងតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាពឲ្យបាន»។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅចំពោះមុខមន្រ្តីក្រុមប្រឹក្សាឃុំ សមាសភាពភូមិ ប៉ុស្តិ៍រដ្ឋបាល គិលានុបដ្ឋាក លោកគ្រូអ្នកគ្រូ និងយុវជនយុវនារី នៅទូទាំងឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៦ ខែមីនានេះ។
ទាក់ទងនឹងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្តល់គុណតម្លៃចំពោះចំណាត់ការដ៏មានប្រសិទ្ធភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋតាមរយ:ការដាក់ចេញនូវយុទ្ធវិធី និងផ្លាស់ប្ដូរយុទ្ធសាស្ត្រទាន់សភាពការណ៍ ជាពិសេសការស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីបង្កើតភាពសុំានិងឈានទៅបើកសាលារៀន រមណីយដ្ឋាននានា ស្តារសេដ្ឋកិច្ចជាតិ។
នាយឧត្តមសេនីយ៍បញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ រាជដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញ ជាមួយនឹងការរំពឹងទុកកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ពី៤ទៅ៥ភាគរយ ក្នុងករណីដែលកម្ពុជាមិនមានការរាតត្បាតជំងឺកូវីដ១៩ជាថ្មី។
ទោះយ៉ាងណា នាយឧត្តមសេនីយ៍ប្រធានក្រុមការងារ មិនភ្លេចផ្តាំផ្ញើដល់មន្ត្រីក្រុមការងារគ្រប់ថ្នាក់ ឲ្យបន្តជំរុញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បានគ្រប់គ្នា ព្រមទាំងអនុវត្តខ្ជាប់ខ្ជួននូវវិធាន ៣កុំ និង៣ការពារ៕
ដោយ ៖ សិលា