ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត ក្រឡុកស៊ីម៉ងត៍របស់ក្រមហ៊ុនGENESIS HOME CONCRETEកៀរនិងកិនបុរសម្នាក់ដែលកំពុងជិះម៉ូតូបណ្តាលឱ្យបែកក្បាលបែកទាំងមួកការពារសុវត្តិភាពធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
គ្រោះថ្នាក់ចរាចណ៍ដ៍រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ប្រមាណ១០និង២០នាទីព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យុវជនរងគ្រោះឈ្មោះពៅ សំណាង អាយុ២២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរកណ្តាល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១DO-២១៦០។
ចំណែករថយន្តដែលកិនមនុស្សស្លាប់នោះ ជារថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនGENESIS HOME CONCRETE ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ៥A-២៩៨៦ បើកបរ ដោយឈ្មោះម៉ឺន សារិន ភេទប្រុសអាយុ៣៨ឆ្នាំ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីព្យាយាមបើករត់គេចខ្លួន។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តនិងម៉ូតូបានធ្វើដំណើរតាមផ្លូវបេតុងស្របទិសគ្នា ។ នៅពេល ធ្វើដំណើរមកដល់កន្លែងកើតហេតុដែលជាផ្លូវកោង រថយន្តក៏បានបើកកៀរម៉ូតូបណ្តាលឱ្យដួលចូលក្រោមកង់រថយន្ត កិនចំក្បាលបណ្តាលបែកក្បាលបែកទាំងមួកសុវត្ថិភាព ។
តាមព័ត៌មានបានឱ្យដឹងទៀតថា បន្ទាប់ពីបង្កគ្រោះថ្នាក់រួចរថយន្តបង្កហេតុក៏បានព្យាយាមបើកគេចខ្លួនបានប្រមាណ៥០០ម៉ែត្រត្រូវបានអ្នកដំណើរ ប្តឹងនគរបាលដែលដាក់គោលដៅពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឃាត់បាននៅតាមបណ្តោយផ្លូវសម្តេចជាស៊ីម ខាងលិច ផ្សារបឹងបៃតង។
ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសម្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកយករថយន្ត និងម៉ូតូព្រមទាំងអ្នកបើកបររថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមច្បាប់។ ចំណែកសពត្រូវបាននគរបាលមូលដ្ឋានចាត់ចែងបញ្ជូន ទៅតម្កល់នៅឈាបនដ្ឋានវត្តទឹកថ្លាដើម្បីរង់ចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖និន សុភ័ស្ត